ព័ត៌មានអន្តរជាតិ

លោក ម៉ាក្រុង​ បញ្ជាក់ថា បារាំងមិនចូលរួមក្នុងប្រតិបត្តិការនៅច្រកសមុទ្រហ័រមូស​ នោះទេ

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល​ ម៉ាក្រុង​ បានឧ្យដឹងថា បារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការដើម្បីបើកច្រកសមុទ្រហ័រមូស​ ឡើងវិញក្នុងបរិបទបច្ចុប្បន្ន​ នោះឡើយ។

លោក ម៉ាក្រុង បានឧ្យដឹងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិស្តីពីអ៊ីរ៉ង់ និងមជ្ឈិមបូព៌ាថា «យើងមិនមែនជាភាគីនៃជម្លោះនោះទេ ដូច្នេះហើយ បារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការ​ ដើម្បីបើក ឬរំដោះច្រកសមុទ្រហ័រមូស ក្នុងបរិបទបច្ចុប្បន្ននោះទេ»។

លោកបានបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ យើងជឿជាក់ថា នៅពេលដែលស្ថានភាពស្ងប់ស្ងាត់ជាងមុន នោះគឺនៅពេលដែលការទម្លាក់គ្រាប់បែកភាគច្រើនបានបញ្ឈប់​ យើងត្រៀមខ្លួនរួចជាស្រេច រួមជាមួយប្រទេសដទៃទៀត ដើម្បីទទួលខុសត្រូវចំពោះប្រព័ន្ធអមដំណើរមួយ»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារប្រទេសជាច្រើនដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេងនៅមជ្ឈិមបូព៌ា ឲ្យចូលរួមជាមួយសម្ព័ន្ធភាពមួយ ដើម្បីអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកសំខាន់មួយ​ ដែលប្រេងប្រហែល ២០ ភាគរយរបស់ពិភពលោកឆ្លងកាត់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top