ព័ត៌មានអន្តរជាតិ

​ សម្ព័ន្ធមិត្តអាមេរិកភាគច្រើន មិនចង់ចូលរួម​ ក្នុងប្រតិបត្តិការយោធាប្រឆាំង នឹងអ៊ីរ៉ង់នោះទេ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា សហរដ្ឋអាមេរិកត្រូវបានជូនដំណឹងដោយសម្ព័ន្ធមិត្តណាតូភាគច្រើនរបស់ខ្លួនថា ពួកគេ «មិនចង់ចូលរួម» ក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ដោយបន្ថែមថា សហរដ្ឋអាមេរិកមិនត្រូវការជំនួយពីសម្ព័ន្ធមិត្តណាតូ ឬប្រទេសដទៃទៀតនោះដែរ។

លោក ត្រាំ​ បានសរសេរនៅលើបណ្ដាញ​ Truth Social របស់លោកថា «យើងលែងត្រូវការ ឬចង់បានជំនួយពីប្រទេសណាតូទៀតហើយ យើងមិនដែលធ្វើដូច្នេះទេ! ដូចគ្នានេះដែរក៏មាន ជប៉ុន អូស្ត្រាលី ឬកូរ៉េខាងត្បូង»។

លោកបានសរសេរថា «យើងទទួលបានជោគជ័យផ្នែកយោធាបែបនេះ​ តាមពិតទៅ ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដែលជាប្រទេសដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក យើងមិនត្រូវការជំនួយពីនរណាម្នាក់ឡើយ!»។​ ដោយលោកបានរិះគន់ណាតូម្តងទៀត​ ចំពោះការមិនជួយសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិករូបនេះបានបន្ដថា «ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនភ្ញាក់ផ្អើលនឹងសកម្មភាពរបស់ពួកគេនោះទេ ពីព្រោះខ្ញុំតែងតែចាត់ទុកអង្គការណាតូ ជាកន្លែងដែលយើងចំណាយប្រាក់រាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំ​ ដើម្បីការពារប្រទេសទាំងនេះ ថាជាផ្លូវមួយផ្លូវឯកទិស យើងនឹងការពារពួកគេ ប៉ុន្តែពួកគេនឹងមិនធ្វើអ្វីសម្រាប់យើងទេ ជាពិសេសនៅក្នុងគ្រាដែលត្រូវការជំនួយ»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top