រុស្សីអះអាងថា បំណងពង្រីកខ្លួន របស់អង្គការណាតូ នៅតែបន្តនៅឡើយ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយកាលពីយប់ថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធថា ការឈ្លានពានរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងហៅកាត់ថាNATOគឺផ្តោតជាចម្បងប្រឆាំងនឹងរុស្ស៊ី ជាមួយនឹងមហិច្ឆតារបស់ខ្លួននៅតែបន្តពង្រីកនៅឡើយ។
ថ្លែងទៅកាន់វិទ្យុ Sputnik លោកស្រី Zakharova បាននិយាយថា សកម្មភាពរបស់អង្គការណាតូ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានពង្រីកវិសាលភាពកាន់តែខ្លាំងឡើង ដោយលាតសន្ធឹងហួសពីផ្នែកខាងលិចរបស់រុស្ស៊ី ដើម្បីរួមបញ្ចូលតំបន់ភាគខាងត្បូង និងសូម្បីតែចុងបូព៌ា។
លោកស្រីបានបន្ថែមថា NATO ក៏កំពុងស្វែងរកការពង្រីកឥទ្ធិពលរបស់ខ្លួនជាសកល រួមទាំងចូលទៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈមធ្យោបាយប្រូកស៊ីដែរ។
មិនត្រឹមតែប៉ុណ្ណោះលោកស្រីZakharova បានកត់សម្គាល់ថាសម្ព័ន្ធភាពបង្ហាញចំណាប់ អារម្មណ៍តិចតួចក្នុងការធ្វើឱ្យទំនាក់ទំនងមាន លក្ខណៈធម្មតាឬស្ថេរភាពនៃស្ថានភាពនៅក្នុងផ្នែកអឺរ៉ុបនៃអឺរ៉ាស៊ី។ ផ្ទុយទៅវិញ លោកស្រីបាននិយាយថា គោលបំណងចម្បងរបស់អង្គការណាតូគឺធ្វើឲ្យមាន ការបរាជ័យជាយុទ្ធសាស្ត្រ លើប្រទេសរុស្ស៊ី។
លោកស្រីក៏បានធ្វើការកត់សម្គាល់ថា ការប៉ុនប៉ងពីមុនដើម្បីបង្កើតយន្តការសន្ទនា និងកាត់បន្ថយហានិភ័យរវាងរុស្ស៊ី និងអង្គការណាតូ មិនត្រូវបានឆ្លើយតបដោយសម្ព័ន្ធភាពនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
