ការវាយប្រហារ លេីទីតាំងរោងចក្រ នុយក្លេអ៊ែរអ៊ីរ៉ង់ អាចបង្កផលប៉ះពាល់ វិទ្យុសកម្មធ្ងន់ធ្ងរ
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា ប្រទេសរុស្ស៊ី ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយមីស៊ីលលើរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ក្នុងប្រទេសអ៊ីរ៉ង់។
លោកស្រី Zakharova បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយមីស៊ីលដោយមិនប្រុងប្រយ័ត្ន និងមិនអាចទទួលយកបានទាំងស្រុង ដែលបានធ្វើឡើងនៅក្នុងបរិវេណខាងក្នុងនៃរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ដែលមានចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រពីអង្គភាពថាមពលប្រតិបត្តិការ”។
លោកស្រីបានលេីកឡេីងថា ប្រទេសរុស្ស៊ីបានព្រមានម្តងហើយម្តងទៀតដល់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក អំពីការបង្កើតការគំរាមកំហែងដល់អាយុជីវិតរបស់បុគ្គលិករុស្ស៊ីនៅទីតាំងនោះ ដោយសង្កត់ធ្ងន់ថា សកម្មភាពបែបនេះ គឺមិនអាចទទួលយកបានទាំងស្រុងនោះទេ។
លោកស្រី Zakharova បានជំរុញឱ្យប្រទេសទាំងពីរបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ ដែលបង្កើតហានិភ័យពិតប្រាកដនៃគ្រោះមហន្តរាយវិទ្យុសកម្ម និងបរិស្ថានក្នុងទ្រង់ទ្រាយតំបន់។
អ្នកនាំពាក្យរូបនេះបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះឱ្យធ្វើការឆ្ពោះទៅរកបទឈប់បាញ់ជាបន្ទាន់ និងការកាត់បន្ថយភាពតានតឹង ដោយបន្ថែមថា អរិភាពជាបន្តបន្ទាប់អាចនាំឱ្យមាន “ផលវិបាកដែលមិនធ្លាប់មានពីមុនមក” សម្រាប់មជ្ឈិមបូព៌ាទាំងមូល រួមទាំងនៅក្នុងវិស័យនុយក្លេអ៊ែរផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
