រុស្ស៊ី ព្រមានជប៉ុន ប្រឆាំងនឹងការធ្វើយោធាឡើងវិញ និងជំរុញឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាពនិយម
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា ជប៉ុនគួរតែទាញយកមេរៀនពីប្រវត្តិសាស្ត្រ និងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិសន្តិភាពនិយមនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន ប្រសិនបើខ្លួនមិនចង់ធ្វើកំហុសអតីតកាលម្តងទៀតទេ នោះ។
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកស្រី Zakharova បានឧ្យដឹងថា ជប៉ុនបានអនុវត្តជំហានជាបន្តបន្ទាប់ឆ្ពោះទៅរកការធ្វើយោធាឡើងវិញ រួមទាំងការទិញអាវុធវាយប្រហារដូចជាមីស៊ីលផ្លោង ដែលមិនអាចចាត់ថ្នាក់ជាអាវុធការពារបាន។
លោកស្រីបានលេីកឡេីងថា រុស្ស៊ីបានព្រមានជប៉ុនម្តងហើយម្តងទៀតអំពីផលវិបាកបំផ្លិចបំផ្លាញនៃការកើនឡើងយ៉ាងខ្លាំងនៃការចំណាយយោធា ជាពិសេសនៅពេលដែលវាពាក់ព័ន្ធនឹងការទិញអាវុធ ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេសជិតខាង រួមទាំងរុស្ស៊ីផងដែរ។
យោងតាមលោកស្រី Zakharova គោលនយោបាយរបស់ជប៉ុន មានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងទៅលើស្ថិរភាពទាំងក្នុងតំបន់ និងសកលលោក ដែលធ្វើឱ្យភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កាន់តែធ្ងន់ធ្ងរឡើង និងអាចបង្កឱ្យមានការប្រណាំងប្រជែងសព្វាវុធជុំថ្មី។
លោកស្រីបានកត់សម្គាល់ថា ប្រសិនបើការគំរាមកំហែងមីស៊ីលថ្មីដល់ទឹកដីរុស្ស៊ីកើតឡើង រុស្ស៊ី នឹងឆ្លើយតប ហេីយចាត់វិធានការចាំបាច់ ដើម្បីធានាសមត្ថភាពការពារជាតិរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
