ចិន និងប៉ាគីស្ថាន ដាក់ចេញនូវសំណើ ចំនួន៥ចំណុច ស្តីពីការស្តារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ឈូងសមុទ្រពែក្ស និងមជ្ឈិមបូព៌ា
បរទេស៖ ប្រទេសចិន និងប៉ាគីស្ថាន បានដាក់ចេញនូវសំណើចំនួនប្រាំ ស្តីពីការស្តារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឈូង សមុទ្រពែក្ស និងមជ្ឈិមបូព៌ា ក្នុងអំឡុងពេលចរចារវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ម៉ូហាំម៉ាត់ អ៊ីសាក ដារ នៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន The Global Times ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា សំណើទាំង៥ចំណុចនោះ រួមមាន ១. បញ្ឈប់អរិភាពភ្លាមៗ, ២ ចាប់ផ្តើមកិច្ចចរចាសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ៣. ធានាសុវត្ថិភាព នៃគោលដៅមិនមែនយោធា, ៤. ធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងទី៥ ការពារអាទិភាពនៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ, នេះបើយោងតាមស៊ីនហួ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោក វ៉ាង បាននិយាយថា បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស បួនភាគីនៅទីក្រុងអ៊ីស្លាម៉ាបាដ ភាគីប៉ាគីស្ថាន បានមកដល់ទីក្រុងប៉េកាំងដោយផ្ទាល់ ដើម្បីពិភាក្សារួមគ្នា អំពីរបៀបបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ដែលប្រទេសចិនស្វាគមន៍។
ប៉ុន្មានម៉ោងមុនសំណើ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយកាលពីរសៀលថ្ងៃអង្គារថា “រដ្ឋមន្ត្រីការបរទេសទាំងពីរនឹងបង្កើនទំនាក់ទំនង និងការសម្របសម្រួល ជាយុទ្ធសាស្ត្រលើស្ថានភាពនៅអ៊ីរ៉ង់ និងបញ្ហាអន្តរជាតិ និងតំបន់ផ្សេងទៀត ដែលមានផលប្រយោជន៍ ទៅវិញទៅមក អំពាវនាវរួមគ្នាឱ្យមានសន្តិភាព និងជំហរយុត្តិធម៌ និងខិតខំប្រឹងប្រែងថ្មី ដើម្បីជួយបញ្ចប់ជម្លោះ និងនាំមកនូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់”៕
ប្រែសម្រួលៈ ណៃ តុលា
