យោធាថៃ បានត្រឹមបាញ់គ្រាប់ ផ្សែង ទៅកាន់ភាគី មីយ៉ាន់ម៉ា បន្ទាប់ពីគ្រាប់កាំភ្លើង ដែលបាញ់ចេញពីភាគីមីយ៉ាន់ម៉ា ធ្លាក់ចូលភូមិ ក្នុងស្រុក ម៉ែសុត បណ្តាលឱ្យរបួសមនុស្សម្នាក់
បរទេស៖ អាជ្ញាធរថៃបានបាញ់ ព្រមានបន្ទាប់ពីគ្រាប់កាំភ្លើង ពីការប៉ះទង្គិចគ្នាឆ្លងកាត់ព្រំដែន ក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងស្រុកម៉ែសុត ខេត្តតាក ប្រទេសថៃ ដែលធ្វើឱ្យកម្មករមីយ៉ាន់ម៉ា ម្នាក់រងរបួស និងធ្វើឱ្យប្រជាជនក្នុង តំបន់មានការភ្ញាក់ផ្អើល។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា ឧត្តមសេនីយ៍ Maitree Chupreecha មេបញ្ជាការកងកម្លាំង ពិសេស Naresuan របស់ថៃ បាននិយាយថា ហេតុការណ៍នេះបានកើតឡើង នៅម៉ោងប្រហែល ១៦:១០ ថ្ងៃទី ៣១ ខែមីនា។ ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាង កងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំងប្រដាប់ អាវុធមួយក្រុមនៅជិតភូមិ នីឡាផាន នៅខាងព្រំដែន ប្រទេសមីយ៉ាន់ម៉ា។
ក្នុងអំឡុងពេលនៃការបាញ់ប្រហារគ្នានោះ ក៏មាន គ្រាប់កាំភ្លើងបានឆ្លងចូលទៅក្នុងទឹកដីថៃ ដោយបាញ់ចំភូមិ Huai Mahawong។ អ្នកស្រុកបានរាយការណ៍ថា បានឮសំឡេងកាំភ្លើង ហើយយ៉ាងហោចណាស់ មានកម្មករចំណាក ស្រុកមីយ៉ាន់ម៉ាម្នាក់បានរងរបួស នៅក្នុងហេតុការណ៍នេះ។
បន្ទាប់ពីជម្លោះធ្លាក់គ្រាប់តាមព្រំដែន ឧត្តមសេនីយ៍ឯក Maitree របស់ថៃ បានរាយការណ៍ពីស្ថានភាពនេះទៅឧត្តមសេនីយ៍ Worathep Boonya ដែលជាមេបញ្ជាការ តំបន់កងទ័ពភូមិភាគបី ហើយបានទទួល ការយល់ព្រម ឱ្យបាញ់គ្រាប់កាំភ្លើង ផ្សែងព្រមានចំនួនបួនគ្រាប់។ គ្រាប់កាំភ្លើងទាំងនោះត្រូវបានបាញ់ភ្លាមៗដើម្បីជូនដំណឹង និងព្រមានភាគីទាំងពីរ៕
ប្រែសម្រួលៈ ណៃ តុលា
