កាសែតញូវយ៉ក ថាមចេញផ្សាយថា អាមេរិក ប្រើប្រាស់អាវុធ ដែលមិនបានតេស្ត ជាមុនវាយប្រហារ លើសាលារៀន របស់អ៊ីរ៉ង់
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RTដែលបានដកស្រង់ចេញពីកាសែត New York Times (NYT)បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក បានវាយប្រហារសាលារៀន និងសាលកីឡាមួយនៅក្នុងទីក្រុង Lamerd ភាគខាងត្បូង ប្រទេសអ៊ីរ៉ង់ ជាមួយនឹងមីស៊ីលផ្លោងថ្មី ដែលមិនត្រូវបានសាកល្បង ពីមុននៅក្នុងការ ប្រយុទ្ធណាឡើយ។
ការវាយប្រហារនេះ បានកើតឡើង អំឡុងពេលការវាយប្រហារ លើកទីមួយរបស់អាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ខែកុម្ភៈ ដែលជាថ្ងៃតែមួយ មីស៊ីលរបស់អាមេរិក បានបំផ្លាញ សាលាបឋមសិក្សារបស់ក្មេងស្រីនៅទីក្រុង Minab របស់អ៊ីរ៉ង់ ដោយបានសម្លាប់មនុស្ស១៧៥ នាក់ ដែលភាគច្រើនជាកុមារ។ដោយឡែក យោងតាមមន្ត្រីអ៊ីរ៉ង់ យ៉ាងហោចណាស់មនុស្ស២១នាក់ត្រូវបានសម្លាប់នៅ Lamerd ។
NYT ដដែលបាននិយាយទៀតថា ការខូចខាតពីការវាយប្រហារនេះគឺស្របទៅនឹងមីស៊ីល Precision Strike Missile (PrSM) ដែលផ្ទុះពីលើគោលដៅរបស់វា ដោយបំបែកគ្រាប់ តូចៗ។ អាវុធនេះបានបញ្ចប់ដំណាក់កាលគំរូរបស់វាត្រឹមតែឆ្នាំមុនប៉ុណ្ណោះបើយោងតាមមន្ទីរបញ្ចកោណ។
NYT បាននិយាយថា ដូចនៅ Minab សាលាគោលដៅ និងសាលកីឡានៅ Lamerd មានទីតាំងនៅជាប់នឹង អង្គភាពឆ្មាំបដិវត្តអ៊ីស្លាម (IRGC) ។
កាសែតបានបន្ថែមថារូបភាពពីផ្កាយរណប បណ្ណសារបង្ហាញពីសាលារៀន និងសាលប្រជុំស្ថិត នៅជិតទីតាំង IRGC យ៉ាងហោចណាស់១៥ឆ្នាំ មកហើយហើយ ត្រូវបានចុះបញ្ជីជាកន្លែង ស៊ីវិលនៅលើសេវាកម្ម ផែនទីអនឡាញដ៏ពេញនិយម រួមទាំងផែនទី Google ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
