បទវិភាគ ៖ ការបង្កើតអង្គការទិន្នន័យសកល នឹងបំពេញបន្ថែមគំនិតថ្មី និងកម្លាំងចលករថ្មី ដល់អភិបាលកិច្ចទិន្នន័យសកល
នាពេលបច្ចុប្បន្ននេះ សកលលោកបានពន្លឿនឈានចូលយុគសម័យបញ្ញាសិប្បនិម្មិត តើធនធានផ្នែកទិន្នន័យមានសារសំខាន់យ៉ាងណា ? មានមនុស្សមួយចំនួនប្រៀបថា វាជា “កត្តាផលិតកម្មធំទី៥ ”ស្មើនឹង “ប្រេងកាតក្នុងយុគសម័យឧស្សាហកម្ម” ដែលជាគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ ការផលិត ការប្រមូល រក្សាទុកនិងការផ្ទេរឆ្លងដែនជាដើមរបស់ទិន្នន័យ បានពាក់ព័ន្ធដល់សន្តិសុខអធិបតេយ្យភាពជាតិ ការណ៍សម្ងាត់ព័ត៌មានជាដើម ដូច្នេះការធ្វើឱ្យអភិបាលកិច្ចទិន្នន័យមានសុក្រឹតភាព គឺមានភាពចាំបាច់បំផុត ។
ក្នុងបរិបទបែបនេះ អង្គការទិន្នន័យសកល បានបង្កើតឡើងនៅក្រុងប៉េកាំង ហើយបានទាក់ទាញការចាប់អារម្មណ៍ភ្លាមៗ ។ វាជាអង្គការអន្តរជាតិ ឯកទេសដំបូងគេ លើពិភពលោកដែលបង្កើតឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍនិងអភិបាលកិច្ចទិន្នន័យ បច្ចុប្បន្ន អង្គការនេះមានសមាជិកចំនួនជាង ២០០ គ្របដណ្តប់លើប្រទេសជាង ៤០ នៅទូទាំងពិភពលោក ។

ហេតុអ្វីអង្គការទិន្នន័យសកលជ្រើសរើសក្រុងប៉េកាំង ធ្វើជាទីស្នាក់ការកណ្តាល ? អ្នកវិភាគបានលើកឡើងថា ការនេះ ជាការទទួលស្គាល់ ចំពោះការអភិវឌ្ឍទិន្នន័យ និងកម្រិតគ្រប់គ្រងទិន្នន័យរបស់ប្រទេសចិនផង ហើយក៏ជាក្តីរំពឹងទុកជាទូទៅ របស់សហគមន៍អន្តរជាតិផងដែរ ។ យោងតាមស្ថិតិរបស់ក្រុមទិន្នន័យអន្តរជាតិឱ្យដឹងថា នៅឆ្នាំ២០២៥ ប្រទេសចិនមានទិន្នន័យ ចំនួន២៧,៨ភាគរយនៃទិន្ន័យសរុបនៅទូទាំងពិភពលោក ឈរលំដាប់ថ្នាក់ទីមួយនៅលើពិភពលោក ។ ទំហំសេដ្ឋកិច្ចទិន្នន័យរបស់ចិនបានជាប់លំដាប់ថ្នាក់ទីពីរនៅទូទាំងពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ គិតរហូតដល់ចុងឆ្នាំ២០២៥ នៅប្រទេសចិន មានអ្នកប្រើប្រាស់អ៊ីនធឺណែតចំនួន១១២៥លាននាក់ ជាប់លំដាប់ថ្នាក់ទីមួយយ៉ាងរឹងមាំលើពិភពលោក ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់ក្នុងកម្មវិធីក៏ឈានមុខគេលើពិភពលោក ។ ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសដែលជំរុញការធ្វើទីផ្សារភាវូបនីយកម្មចំពោះកត្តាទិន្នន័យ ព្រមទាំងបានដាក់ចេញនិងអនុវត្តច្បាប់មានដូចជា ច្បាប់ស្តីពីសន្តិសុខបណ្តាញអ៊ីនធឺណែត និងច្បាប់ស្តីពីសន្តិសុខទិន្នន័យជាដើម ដែលបានប្រមូលផ្តុំបទពិសោធន៍ដ៏មានតម្លៃជាច្រើនលើវិស័យការស្វែងរកការអភិវឌ្ឍនិងការពារទិន្នន័យ និងអាចចែករំលែកជាមួយពិភពលោកបាន ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិនបានស្វែងរកមាគ៌ា សម្រាប់ធ្វើឲ្យសុក្រឹតភាពនៃការអភិបាលកិច្ចទិន្ន័យជាប់ជានិច្ច ។ នៅឆ្នាំ២០២០ ប្រទេសចិនបានលើកឡើង «គំនិតផ្តួចផ្តើមអំពីសន្តិសុខ ទិន្នន័យសកល» ក្នុងន័យអំពាវនាវឱ្យបណ្តាប្រទេសនានា ដោះស្រាយបញ្ហាប្រកប ដោយតុល្យភាពក្នុងទំនាក់ទំនង រវាងការរីកចម្រើនបច្ចេកទេស ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខជាតិ និងផលប្រយោជន៍សាធារណសង្គម ដោយប្រកាន់ខ្ជាប់គោលការណ៍ ផ្តល់អាទិភាពអភិវឌ្ឍន៍និងសន្តិសុខដូចគ្នា ។ ក្រោមការជំរុញពីប្រទេសចិន យន្តការពហុភាគីដូចជាកិច្ចប្រជុំ កំពូលរវាងចិន-អាស៊ីកណ្តាល វេទិកា កិច្ចសហប្រតិបតិ្តការរវាងចិននិងអាហ្វ្រិក យន្តការចិននិងអាស៊ានជាដើម បានរួមគ្នាកំណត់កិច្ចសហប្រតិបត្តិការ លើវិស័យក្បួនច្បាប់អភិបាលកិច្ចទិន្នន័យ និងសន្តិសុខទិន្នន័យជាដើម ។ អ្នកវិភាគបានចង្អុលបង្ហាញថា នៅពេលអនាគត ឆ្លងតាមរយៈវេទិកាអង្គការទិន្នន័យសកល ប្រទេសចិនត្រូវគេរំពឹងថា នឹងរួមចំណែកកាន់តែធំក្នុងការបំផុសសក្តានុពលទិន្នន័យ និងការធ្វើឱ្យសុក្រឹតភាពនៃអភិបាលកិច្ចទិន្នន័យ ។
បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិត ដែលជាតំណាងនៃព័ត៌មានវិទ្យានិងសេដ្ឋកិច្ចឌីជីថល ទទួលបានការអភិវឌ្ឍយ៉ាងផុលផុស បាននាំមកនូវភាគលាភ ឌីជីថលផង ហើយក៏បាននាំមកនូវហានិភ័យនិងគម្លាតខាងទិន្នន័យផងដែរ ។ ប្រឈមមុខនឹងសភាពការណ៍បែបនេះ ការបង្កើតអង្គការទិន្នន័យសកល គឺចំពេលវេលាណាស់ ។ អង្គការនេះនឹងបំពេញបន្ថែមគំនិតថ្មីនិងកម្លាំងចលករថ្មីដល់អភិបាលកិច្ចទិន្នន័យសកល ។ ក្នុងនាមជាទីស្នាក់ការកណ្តាល អង្គការនេះ ប្រទេសចិនរីករាយក្នុងការសហការជាមួយបណ្តាភាគីនានា ដើម្បីជំរុញការកសាងប្រព័ន្ធ អភិបាលកិច្ចទិន្នន័យសកលឲ្យកាន់តែមានភាពស្មើគ្នា បើកទូលាយ សុវត្ថិភាពនិងបរិយាបន្ន ធ្វើឱ្យមនុស្សគ្រប់គ្នាអាចឱបក្រសោបទិន្នន័យ និងទទួលបានឈ្នះ-ឈ្នះនាពេលអនាគត ៕
