សហភាពអឺរ៉ុប ព្រមានអំពីការរំខាន ទីផ្សារថាមពលដ៏យូរអង្វែង ដែលបណ្តាលមក ពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា
ប្រ៊ុចសែល៖ លោក Dan Jorgensen ស្នងការថាមពលសហភាពអឺរ៉ុប បានឧ្យដឹងថា ជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា ទំនងជាបណ្តាលឱ្យមានការរំខានដ៏យូរអង្វែងដល់ទីផ្សារថាមពល ទោះបីជាអរិភាពបញ្ចប់ក្នុងពេលឆាប់ៗនេះក៏ដោយ។
រដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុប បានរៀបចំកិច្ចប្រជុំតាមវីដេអូមួយកាលពីថ្ងៃអង្គារ ដើម្បីសម្របសម្រួលការឆ្លើយតប។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំ លោក Jorgensen បានព្រមានថា ផលប៉ះពាល់នឹងមិនមានរយៈពេលខ្លីនោះទេ។
លោកបានលេីកឡេីងថា “ទោះបីជាមានសន្តិភាពនៅថ្ងៃស្អែកក៏ដោយ ក៏នៅតែមានផលវិបាកដែរ” ដោយកត់សម្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។
លោកបន្ដថា ចាប់តាំងពីជម្លោះបានចាប់ផ្តើមមក តម្លៃឧស្ម័ននៅក្នុងសហភាពអឺរ៉ុប បានកើនឡើងប្រហែល ៧០ភាគរយ និងតម្លៃប្រេងកើនឡើងប្រហែល ៥០ភាគរយ។ លោកបានបន្ថែមថា ជម្លោះប្រហែល ៣០ថ្ងៃបានបង្កើនតម្លៃនាំចូលឥន្ធនៈហ្វូស៊ីលរបស់ប្លុកចំនួន ១៤ពាន់លានអឺរ៉ូ (១៦.២ពាន់លានដុល្លារអាមេរិក) រួចទៅហើយ។
លោកបានបន្ថែមថា គណៈកម្មការអឺរ៉ុបកំពុងរៀបចំកញ្ចប់វិធានការមួយ ដើម្បីដោះស្រាយផលប៉ះពាល់ទីផ្សារជាបន្តបន្ទាប់ ស្រដៀងគ្នានឹងជំហានដែលបានអនុវត្តក្នុងអំឡុងវិបត្តិថាមពល កាលពីក្នុងឆ្នាំ២០២២។
ខណៈពេលដែលបានសង្កត់ធ្ងន់ថា “គ្មានដំណោះស្រាយតែមួយដែលសមនឹងទាំងអស់ទេ” លោក Jorgensen បានជំរុញឱ្យរដ្ឋជាសមាជិកពិចារណាកាត់បន្ថយតម្រូវការប្រេង ជាពិសេសសម្រាប់ប្រេងម៉ាស៊ូត និងប្រេងយន្តហោះ ខណៈពេលដែលធានាការការពារសម្រាប់ក្រុមងាយរងគ្រោះ៕
