ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស​ ប្រកាសពីការគាំទ្រការពារ ដែនអាកាសបន្ថែម​ សម្រាប់ដៃគូរដ្ឋឈូងសមុទ្រ

ឡុងដ៍៖ ចក្រភពអង់គ្លេស នឹងផ្តល់ការគាំទ្រការពារដែន អាកាសបន្ថែមដល់ដៃគូរដ្ឋឈូងសមុទ្រ ខណៈដែលភាពតានតឹង ក្នុងតំបន់បន្តកើនឡើង។

សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ អង់គ្លេស លោក John Healey បានបញ្ជាក់ពីការដាក់ពង្រាយថ្មីជាបន្តបន្ទាប់ក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត កាតា និងបារ៉ែន។

ទាំងនេះរួមមានការពង្រីកការ ដាក់ពង្រាយយន្តហោះចម្បាំង Typhoon របស់អង់គ្លេសនៅក្នុងប្រទេសកាតា ការបញ្ជូនប្រព័ន្ធការពារដែន អាកាស Sky Sabre ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងការធ្វើសមាហរណកម្ម ប្រព័ន្ធបាញ់មីស៊ីលពហុតួនាទីទម្ងន់ស្រាលរបស់អង់គ្លេសទៅក្នុងប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសបារ៉ែន។

ប្រព័ន្ធមីស៊ីលការពារដែនអាកាស Rapid Sentry ដែលជាប្រព័ន្ធមីស៊ីលការពារដែនអាកាសដែលមានមូលដ្ឋានលើដី បានមកដល់ប្រទេសគុយវ៉ែត ជាកន្លែងដែលប្រព័ន្ធ រកឃើញយន្តហោះគ្មានមនុស្សបើក ORCUS របស់កងទ័ពអាកាស អង់គ្លេសកំពុងដំណើរការរួចហើយ។

នៅប្រទេសអារ៉ាប៊ីសាអូឌីត លោក Healey បានជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីការពារជាតិមកពីប្រទេស ឈូងសមុទ្រទាំងបី ស្តីពីជម្លោះនៅមជ្ឈិមបូព៌ា ស្ថានភាពនៅច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់​ សម្រាប់ប្រេងរបស់ពិភពលោក និងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងចក្រភពអង់គ្លេស និងរដ្ឋឈូងសមុទ្រលើសន្តិសុខក្នុងតំបន់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top