ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ សន្យាថា នឹងវាយប្រហារអ៊ីរ៉ង់ «ឱ្យខ្លាំង» ក្នុងពេលដែលទីក្រុងតេហេរ៉ង់ បដិសេធការចរចា

បរទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមវាយប្រហារ រោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធប្រេង របស់អ៊ីរ៉ង់ម្តងទៀត លុះត្រាតែការទាមទាររបស់លោកត្រូវបានបំពេញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ថា នៅក្នុងសុន្ទរកថា លើកដំបូងរបស់លោក ទៅកាន់ប្រជាជាតិចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមរបស់ពួកគេលើអ៊ីរ៉ង់ ដែលបានថ្លែងកាលពីថ្ងៃពុធ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក «ជិតដល់ហើយ» ក្នុងការសម្រេចគោលដៅយោធារបស់ខ្លួន ។ លោកបានបន្ថែមថា «យើងនឹងវាយប្រហារពួកគេ ឱ្យខ្លាំងក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខនេះ»។

នៅពេលដែលសង្គ្រាមបានចូលដល់ថ្ងៃទី ៣៣ ការវាយប្រហារដោយមីស៊ីលថ្មីត្រូវបានរាយការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល និងរដ្ឋឈូងសមុទ្រពែក្ស រួមទាំងប្រទេសគុយវ៉ែត ជាកន្លែងដែលមូលដ្ឋានទ័ពជើងទឹកអាមេរិកត្រូវបានគេរាយការណ៍ថាជាគោលដៅវាយប្រហារ។

ទន្ទឹមនឹងនេះ លោក ត្រាំ បានអះអាងថា ប្រធានាធិបតីអ៊ីរ៉ង់ចង់បានបទឈប់បាញ់ ប៉ុន្តែត្រូវបានរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាជី បានបដិសេធ ។ លោក អារ៉ាជី បាននិយាយថា «មិនមានសំណើឈប់បាញ់ណាមួយ ត្រូវបានធ្វើឡើងដោយអ៊ីរ៉ង់ទេ ។ ផែនការប្រាំចំណុចដែលត្រូវបានអះអាងថា បានស្នើឡើងដោយអ៊ីរ៉ង់គឺ ជាការស្មានរបស់ប្រព័ន្ធផ្សព្វផ្សាយ»។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបន្ថែមថា សង្គ្រាមនឹងបន្តរហូតដល់ «អ្នកឈ្លានពាន» ត្រូវបានដាក់ទណ្ឌកម្ម ហើយសំណងពេញលេញត្រូវបានបង់ទៅឱ្យអ៊ីរ៉ង់៕

ប្រែសម្រួលៈ ណៃ តុលា

To Top