ច្រកសមុទ្រហ័រមូស នៅតែមិនមានស្ថេរភាព ប្រសិនបើសង្គ្រាមមិនបញ្ចប់
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឧ្យដឹងថា បញ្ហានៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស គឺជាផលប៉ះពាល់នៃជម្លោះបច្ចុប្បន្ន ដោយកត់សម្គាល់ថា ច្រកសមុទ្រហ័រមូស នៅតែមិនស្ថិតស្ថេរ ប្រសិនបើសង្គ្រាមមិនបញ្ចប់។
លោក វ៉ាង យី ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud។
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានជម្រាបជូនលោក វ៉ាង យី អំពីការវិវត្តចុងក្រោយបំផុតនៃស្ថានភាពមជ្ឈិមបូព៌ា ដោយថា សង្គ្រាមនៅអ៊ីរ៉ង់ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រទេសនានាក្នុងតំបន់ និងពិភពលោកទាំងមូល។
លោកបានលេីកឡេីងថា អារ៉ាប៊ីសាអូឌីត យកចិត្តទុកដាក់ចំពោះតួនាទីដ៏សំខាន់របស់ប្រទេសចិន ក្នុងកិច្ចការអន្តរជាតិ ហើយឱ្យតម្លៃដល់កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រកម្រិតខ្ពស់ជាមួយប្រទេសចិន ដោយបន្ថែមថា ព្រះរាជាណាចក្រនេះត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនការពិគ្រោះយោបល់ និងការសម្របសម្រួលជាមួយប្រទេសចិនបន្ថែមទៀតលើវេទិកានានា រួមទាំងអង្គការសហប្រជាជាតិ ដើម្បីជំរុញរួមគ្នាឱ្យស្ថានការណ៍កាន់តែស្ងប់ស្ងាត់ និងបញ្ចប់ជម្លោះ។
លោក វ៉ាង យី បានកត់សម្គាល់ថា សង្គ្រាមដ៏អូសបន្លាយនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលមានរយៈពេលជាងមួយខែ បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស និងការខាតបង់យ៉ាងច្រើន ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសឈូងសមុទ្រដទៃទៀត ដែលប្រទេសចិន បានសម្តែងការព្រួយបារម្ភ៕
