លោក Trump ចេញមកចំអក និងគម្រាមណាតូជុំវិញ ការសម្រេចចិត្តមិនចូលរួម សង្គ្រាមប្រឆាំងអ៊ីរ៉ង
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់អង្គការណាតូ និងមេដឹកនាំអឺរ៉ុបសំខាន់ៗ ដោយធ្វើឱ្យភាពតានតឹងកាន់តែស៊ីជម្រៅនៅក្នុងប្លុកជុំវិញសង្គ្រាមប្រឆាំងអ៊ីរ៉ង់។
យោងតាមកាសែត Financial Times ទីក្រុងវ៉ាស៊ីនតោន ក៏បានគម្រាមទប់ស្កាត់ការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនផងដែរ ដើម្បីដាក់សម្ពាធលើបណ្តាប្រទេសអឺរ៉ុប ឱ្យចូលរួមក្នុងសង្គ្រាម នៅមជ្ឈិមបូព៌ា។
នៅក្នុងអាហារថ្ងៃត្រង់បុណ្យ Easter នៅសេតវិមាន កាលពីថ្ងៃពុធ លោក Trump បានពណ៌នាអង្គការណាតូថាជា “ខ្លាក្រដាស” ហើយបានសម្តែងការខកចិត្ត ដែលសមាជិកប្លុកផ្សេងទៀត មិនបានចូលរួមក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។
លោកបាននិយាយថា លោកបានស្វែងរកការគាំទ្រពីអឺរ៉ុប ជាការសាកល្បងនៃភាពជឿជាក់របស់ពួកគេ ដែលពួកគេបរាជ័យក្នុងការបង្ហាញ ហើយថាសហរដ្ឋអាមេរិក អាចចាកចេញពីប្លុកជុំវិញបញ្ហានេះ។
លោក Trump ក៏បានរៀបរាប់ពីការសន្ទនាជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ផងដែរ។
មេដឹកនាំទាំងពីរបានបដិសេធមិនប្ដេជ្ញាកម្លាំងដើម្បីការពារច្រកសមុទ្រ Hormuz ដែលជាច្រកយុទ្ធសាស្ត្រដែលអ៊ីរ៉ង់បានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព ក្នុងការសងសឹកចំពោះការវាយលុករបស់អាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ៕
ប្រែសម្រួល៖ស៊ុនលី
