ព័ត៌មានអន្តរជាតិ

មន្រ្តីអ៊ីរ៉ង់ ប្រាប់លោក ត្រាំថា កន្លែងផលិតយោធា ជាយុទ្ធសាស្ត្ររបស់អ៊ីរ៉ង ស្ថិតនៅទីតាំងដែលអាមេរិកមិនស្គាល់ ហើយក៏នឹងមិន ដែលទៅដល់នោះដែរ, អាមេរិកវាយប្រហារ តែលើកន្លែងតូចៗប៉ុណ្ណោះ

បរទេស៖ យោធាអ៊ីរ៉ង់ បានឆ្លើយតបទៅនឹងការកត់សម្គាល់ថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ា នឹងបន្តរហូតដល់សហរដ្ឋអាមេរិកប្រឈមមុខនឹងអ្វីដែលខ្លួនពិពណ៌នាថាជា “ការអាម៉ាស់ និងការចុះចាញ់យូរអង្វែង”។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់បានគំរាមវាយប្រហារ “កាន់តែខ្លាំង កាន់តែធំ និងបំផ្លិចបំផ្លាញជាងមុន” ប្រឆាំងនឹងកងកម្លាំងអាមេរិក និងអ៊ីស្រាអែល ហើយអ៊ីរ៉ង់ក៏បដិសេធការអះអាងរបស់លោក ត្រាំ ដែលថា សមត្ថភាពរបស់ខ្លួនត្រូវបានចុះខ្សោយ។

យោងតាមសារព័ត៌មាន NDTV ចេញផ្សាយ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ថា សេចក្តីថ្លែងការណ៍នេះបានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី អាមេរិកបាននិយាយថា ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ សហរដ្ឋអាមេរិកនឹងនាំអ៊ីរ៉ង់ត្រឡប់ទៅ “យុគសម័យថ្ម” វិញ ។ លោកក៏បានអះអាងផងដែរថា កងកម្លាំងអាមេរិកនឹងសម្រេចគោលដៅសមរភូមិទាំងអស់ “ក្នុងពេលឆាប់ៗនេះ”។

ចំណែកភាគីអ៊ីរ៉ង់ លោក Ebrahim Zolfaghari ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ បាននិយាយថា “ការស្វែងយល់របស់អ្នក មកលើអំណាច និងឧបករណ៍យោធារបស់យើង គឺមិនពេញលេញនោះទេ។ អ្នកមិនដឹងអ្វីទាំងអស់អំពីសមត្ថភាពយុទ្ធសាស្ត្រដ៏ធំទូលាយរបស់យើង”។

ជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការអះអាងរបស់លោក ត្រាំ លោក Zolfaghari បានប្រាប់ទីក្រុងវ៉ាស៊ីនតោន កុំចេះតែសន្មតថា កងកម្លាំងអាមេរិកបានបំផ្លាញទីតាំងផលិតមីស៊ីលយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដោយលោកបានអះអាងថា ទ្រព្យសកម្មការពារជាតិសំខាន់ៗ រួមទាំងរោងចក្រផលិតមីស៊ីល យន្តហោះគ្មានមនុស្សបើកវាយប្រហារចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើកជាក់លាក់ ប្រព័ន្ធការពារដែនអាកាសទំនើប សង្គ្រាមអេឡិចត្រូនិក និងសមត្ថភាពសង្គ្រាមអេឡិចត្រូនិក នៅតែមានសភាពល្អប្រសើរ និងដំណើរការបានល្អ។

មន្ត្រីអ៊ីរ៉ង់រូបនេះបានបន្ថែមថា ទីតាំងដែលសហរដ្ឋអាមេរិក បាន «វាយប្រហារគឺមិនសំខាន់នោះទេ។ ការផលិតយោធាជាយុទ្ធសាស្ត្ររបស់យើងកើតឡើងនៅទីតាំងដែលអ្នកមិនស្គាល់ ហើយនឹងមិនដែលទៅដល់»៕
ប្រែសម្រួលៈ ណៃ តុលា

To Top