មជ្ឈមណ្ឌលប្រតិបត្តិការកុំព្យូទ័រ Cloud របស់ក្រុមហ៊ុន Amazon នៅក្នុងប្រទេសបារ៉ែន ត្រូវបានវាយប្រហារ
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឧ្យដឹងថា ខ្លួនបានកំណត់ គោលដៅ និងបំផ្លាញមជ្ឈមណ្ឌល ប្រតិបត្តិការកុំព្យូទ័រ Cloud របស់ក្រុមហ៊ន Amazon នៅក្នុងប្រទេសបារ៉ែន ក្នុងសកម្មភាពដំបូងរបស់ខ្លួន ប្រឆាំងនឹងក្រុមហ៊ុន “ចារកម្ម” របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងតំបន់ ដើម្បីសងសឹកចំពោះការធ្វើឃាតជនជាតិអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើសារព័ត៌មានផ្លូវការរបស់ខ្លួន Sepah News ស្ថាប័ន IRGC បានឧ្យដឹងថា ខ្លួនបានចេញការព្រមានកាលពីអតីតកាលទាក់ទង នឹងការវាយប្រហារ ដែលអាចកើតមានលើក្រុមហ៊ុនបែបនេះ ដោយសារតែការវាយប្រហារបន្ថែមទៀត របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយការវាយប្រហារនៅក្នុងប្រទេសបារ៉ែន គឺជាការឆ្លើយតបទៅនឹង ការមិនអើពើនឹងការព្រមានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយបន្តវាយប្រហារ លេីជនជាតិអ៊ីរ៉ង់កាលពីថ្ងៃពុធ។
កងឆ្មាំបដិវត្ដន៍អ៊ីរ៉ង់បានសន្យាថា នឹងវាយប្រហារលេីក្រុមហ៊ុនជាច្រើនទៀតកាន់តែធ្ងន់ធ្ងរ ប្រសិនបើការវាយប្រហារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើជនជាតិអ៊ីរ៉ង់នៅតែបន្ត។
ប្រភពបានឧ្យដឹងថា ខ្លួនក៏បានវាយប្រហារមូលដ្ឋានទ័ពអាកាសចំនួនប្រាំពីររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រុមហ៊ុនដែកថែបពីររបស់សហរដ្ឋអាមេរិកនៅអាប៊ូដាប៊ី រោងចក្រអាលុយមីញ៉ូមមួយនៅបារ៉ែន រោងចក្រដែលដំណើរការ ដោយក្រុមហ៊ុនផលិតអាវុធអ៊ីស្រាអែល Rafael និងកន្លែងលាក់ខ្លួនរបស់កង ទ័ពអាមេរិកនៅជិតរដ្ឋធានីម៉ាណាម៉ា របស់ប្រទេសបារ៉ែន ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំណោម កងកម្លាំងអាមេរិក។
អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារ រួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ជាច្រើនទៀតនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិលរាប់រយនាក់ផ្សេងទៀត។
អ៊ីរ៉ង់បានឆ្លើយតបដោយរលក នៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅលើ ទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា៕
