លោក Trump ថា ណាតូជាខ្លាក្រដាស ហើយលោកកំពុងពិចារណា អំពីការដកសហរដ្ឋអាមេរិក ចេញពីអង្គការមួយនេះ
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចោទប្រធានាធិបតីអាមេរិក លោក Donald Trump ថាបានបង្កើតភាពច្របូកច្របល់ដោយនិយាយផ្ទុយពីទស្សនៈរបស់លោកលើជម្លោះនៅមជ្ឈិមបូព៌ាម្តងហើយម្តងទៀត។
យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ថា លោក Emmanuel Macron បាននិយាយថា “អ្នកត្រូវតែមាន ភាពម៉ឺងម៉ាត់។ នៅពេលអ្នកចង់មានភាពម៉ឺងម៉ាត់ សូមអ្នកកុំនិយាយផ្ទុយ ពីអ្វីដែលអ្នកបាននិយាយកាលពីថ្ងៃមុន ហើយប្រហែលជាអ្នកមិន គួរនិយាយជារៀងរាល់ថ្ងៃទេ”។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ លោក Macron ក៏បាននិយាយផងដែរថា លោក Trump បានធ្វើឱ្យអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) ចុះខ្សោយដោយបង្កើត “ការសង្ស័យប្រចាំថ្ងៃ” អំពីការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះសម្ព័ន្ធភាព ។
លោក Macron បាននិយាយថា “ប្រសិនបើអ្នកបង្កើតការសង្ស័យជា រៀងរាល់ថ្ងៃអំពីការប្តេជ្ញាចិត្តរបស់អ្នក អ្នកនឹងធ្វើឱ្យវារលាយបាត់” ដោយបន្ថែមថាមាន “ការនិយាយច្រើនពេក … ធ្វើឱ្យបែកខ្ញែកផ្លូវ”។
លោក Trump បាននិយាយថា លោកកំពុងពិចារណាយ៉ាងខ្លាំងអំពីការដកសហរដ្ឋអាមេរិកចេញពី NATO បន្ទាប់ពីសម្ព័ន្ធមិត្តបរាជ័យក្នុងការគាំទ្រសកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។
កាសែតបានរាយការណ៍ថា លោក Trump បានពិពណ៌នាអំពីសម្ព័ន្ធភាពថាជា “ខ្លាក្រដាស” ហើយបាននិយាយថា ការដកសហរដ្ឋអាមេរិកចេញពីកតិកាសញ្ញាការពារជាតិឥឡូវនេះ “លើសពីការពិចារណាឡើងវិញ” លោកក៏បាននិយាយផងដែរថា លោកមានការ សង្ស័យជាយូរ មកហើយអំពីភាពជឿជាក់របស់ NATO៕
ប្រែសម្រួលៈ ណៃ តុលា
