អាមេរិក ដាក់សំណើ បទឈប់បាញ់ រយៈពេល ៤៨ ម៉ោង ប៉ុន្តែត្រូវបានអ៊ីរ៉ង់ បដិសេធចោល
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការ Fars របស់អ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃសុក្រថា អ៊ីរ៉ង់បានបដិសេធសំណើ របស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ រយៈពេល ៤៨ ម៉ោង។
យោងទៅតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ថា សារព័ត៌មាន Fars បានដកស្រង់ប្រភពព័ត៌មាន ដែលមានព័ត៌មានម្នាក់ ដែលបាននិយាយថា សំណើនេះត្រូវបាន បញ្ជូនទៅអ៊ីរ៉ង់ តាមរយៈប្រទេស “មិត្តភាព” កាលពីថ្ងៃព្រហស្បតិ៍។
ប្រភពព័ត៌មានបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានបង្កើនកិច្ចខិតខំប្រឹង ប្រែងផ្នែកការទូតរបស់ខ្លួន ដើម្បីធានាបាននូវបទឈប់បាញ់ ជាពិសេសបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើ “ឃ្លាំងកងកម្លាំងយោធា” របស់សហរដ្ឋអាមេរិកនៅលើកោះ Bubiyan របស់ប្រទេសគុយវ៉ែត។
យោងតាម Fars , ការវាយតម្លៃបានបង្ហាញថា សំណើនេះត្រូវបានដាក់ចេញបន្ទាប់ពីវិបត្តិនៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង និង “បញ្ហាធ្ងន់ធ្ងរ” សម្រាប់កងកម្លាំងសហរដ្ឋអាមេរិកដែលបណ្តាលមកពី “ការគណនាខុស” របស់ប្រទេសពួកគេលើសមត្ថភាពយោធារបស់អ៊ីរ៉ង់។
របាយការណ៍បានបន្ថែមថា ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើនេះមិនត្រូវបានផ្តល់ឱ្យជាលាយលក្ខណ៍អក្សរទេ ប៉ុន្តែតាមរយៈការបន្តវាយប្រហារនៅក្នុងសមរភូមិ។
សូមរំលឹកថា នៅថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ជាច្រើនទៀត ដោយបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោក Ali Khamenei រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។ អ៊ីរ៉ង់បានឆ្លើយតបដោយការ វាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារ ដោយកំណត់គោលដៅលើអ៊ីស្រាអែល និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា។
