ឧទ្ធម្ភាគចក្រ Black Hawk ចំនួនពីរគ្រឿង របស់អាមេរិក ត្រូវអ៊ីរ៉ង់បាញ់ប្រហារ ពេលកំពុងជិះស្វែងរកពិឡុតអាមេរិកដែលបាត់ខ្លួន
បរទេស៖ ឧទ្ធម្ភាគចក្រ Black Hawk ចំនួនពីរគ្រឿង ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ស្វែងរកអ្នកបើកយន្តហោះដែលបាត់ខ្លួន ក៏ត្រូវបានអ៊ីរ៉ង់បាញ់ប្រហារផងដែរ ប៉ុន្តែបានជិះរួចផុតពីដែនអាកាសអ៊ីរ៉ង់ នេះបើយោងតាមមន្ត្រីអាមេរិក ពីររូបបានប្រាប់ទីភ្នាក់ងារ សារព័ត៌មានរ៉យទ័រ។
យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ថា កងកម្លាំងអ៊ីរ៉ង់ បានកំណត់គោលដៅម្តងហើយម្តងទៀត លើទីតាំងយោធាអាមេរិក នៅក្នុងប្រទេសគុយវ៉ែត និងប្រទេសឈូងសមុទ្រពែក្សដទៃទៀត។
អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះចម្បាំង អាមេរិក២គ្រឿងកាលពីថ្ងៃសុក្រ ដោយអ្នកបើកយន្តហោះពីរនាក់ត្រូវបានជួយសង្គ្រោះ និងម្នាក់ទៀតនៅតែបាត់ខ្លួន និងកំពុងត្រូវបានទីក្រុងតេអេរ៉ង់តាមប្រមាញ់ ។ យន្តហោះទីមួយ ដែលជាយន្តហោះចម្បាំង F-15E របស់សហរដ្ឋអាមេរិក ដែលមានកៅអីពីរ ត្រូវបានបាញ់ទម្លាក់នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា កងកម្លាំងពិសេសអាមេរិកបានជួយសង្គ្រោះ សមាជិកនាវិកម្នាក់ក្នុងចំណោមសមាជិកនាវិកពីរនាក់របស់ខ្លួន ដោយម្នាក់ទៀតនៅតែបាត់ខ្លួន។
យន្តហោះទីពីរ ជាយន្តហោះចម្បាំង A-10 Warthog ត្រូវបានបាញ់ទម្លាក់ និងធ្លាក់នៅប្រទេសគុយវ៉ែត ដោយអ្នកបើកយន្តហោះបានលោតចេញ។
