សេតវិមាន ស្វែងរកថវិកា ១.៥ទ្រីលានដុល្លារ សម្រាប់ការចំណាយ លើវិស័យការពារជាតិ នៅក្នុងសំណើថវិកាឆ្នាំ២០២៧
វ៉ាស៊ីនតោន៖ ការិយាល័យគ្រប់គ្រង និងថវិកាសេតវិមាន បានចេញផ្សាយសំណើថវិកា ឆ្នាំ២០២៧ របស់ខ្លួន ដែលនឹងបង្កើនការចំណាយ លើវិស័យការពារជាតិដល់ ១.៥ទ្រីលានដុល្លារអាមេរិក ខណៈពេលដែលកាត់បន្ថយថវិកា សម្រាប់កម្មវិធីក្នុងស្រុក។
យោងតាមឯកសារមួយដែលបានចេញផ្សាយនៅលើគេហទំព័រសេតវិមាន ផែនការថវិកា “បង្កើតឡើងដោយផ្អែកលើចក្ខុវិស័យរបស់ប្រធានាធិបតី ដោយបន្តរឹតបន្តឹងការចំណាយមិនមែនការពារជាតិ និងកែទម្រង់រដ្ឋាភិបាលសហព័ន្ធ”។
នៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ពីការចំណាយលើវិស័យ ការពារជាតិជាអាទិភាព ដោយកត់សម្គាល់ថាការទទួលខុសត្រូវ ក្នុងស្រុកដូចជាការថែទាំសុខភាពគួរតែត្រូវបានផ្ទេរទៅឱ្យរដ្ឋ។
លោក ដូណាល់ ត្រាំ បានេីកឡេីងថា “យើងកំពុងប្រយុទ្ធប្រឆាំងនឹងសង្គ្រាម។ យើងមិនអាចមើលថែមណ្ឌលថែទាំកុមារបានទេ។ អ្នកត្រូវតែអនុញ្ញាតឱ្យរដ្ឋមើលថែមណ្ឌលថែទាំកុមារ ហើយពួកគេក៏គួរតែបង់ប្រាក់ សម្រាប់វាដែរ”។
ក្រៅពីការកាត់បន្ថយកម្មវិធីសុខភាព សំណើថវិការបស់សេតវិមានក៏រួមបញ្ចូលទាំងការកាត់បន្ថយជំនួយ សម្រាប់ជនភៀសខ្លួនក្នុងការតាំងទីលំនៅថ្មី គម្រោងថាមពលកកើតឡើងវិញ ជំនួយឥតសំណងសម្រាប់សាកលវិទ្យាល័យ និងកម្មវិធីលំនៅដ្ឋានជាដើម។
ថវិកាប្រចាំឆ្នាំរបស់ប្រធានាធិបតីត្រូវបានគេមើលឃើញជាញឹកញាប់ថា ជាការឆ្លុះបញ្ចាំងពីអាទិភាពរបស់រដ្ឋបាល ទោះបីជាសភាមានសិទ្ធិអំណាចលើការចំណាយរបស់សហព័ន្ធក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ សំណើនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទាំងពួកប្រជាធិបតេយ្យ និងអ្នកសង្កេតការណ៍ថវិកា ដែលអះអាងថាអាទិភាពរបស់លោក ត្រាំ មិនត្រឹមត្រូវ ហើយផែនការថវិកាមិនមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុនោះទេ។
សមាជិកព្រឹទ្ធសភាអាមេរិកលោក Patty Murray ដែលជាសមាជិកកំពូលនៃគណៈកម្មាធិការបែងចែកថវិការបស់ព្រឹទ្ធសភា បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចក្ខុវិស័យដែលលោក ត្រាំ បានគូសបញ្ជាក់សម្រាប់សហរដ្ឋអាមេរិកនៅក្នុងថវិការបស់លោកគឺ “មានភាពអាប់អួរ និងមិនអាចទទួលយកបាន”៕
ប្រែសម្រួល ឈូក បូរ៉ា
