ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់​ រុស្សី និងឥណ្ឌា ពិភាក្សាគ្នា តាមទូរស័ព្ទជុំវិញបញ្ហាសង្គ្រាម

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃអាទិត្យ បានផ្លាស់ប្តូរទស្សនៈជាមួយសមភាគីរុស្ស៊ី និងឥណ្ឌា ស្តីពីជម្លោះក្នុងតំបន់ដែលកំពុងបន្តពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។

នៅក្នុងការហៅទូរស័ព្ទពីរដាច់ដោយឡែកពីគ្នា លោក Araghchi បានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងតំបន់អាស៊ីខាងលិច ក៏ដូចជាផលវិបាកផ្នែកសន្តិសុខ និងសេដ្ឋកិច្ចនៃការឈ្លានពាន របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar។

លោក Araghchi បានរៀបរាប់លម្អិតអំពី ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ក្នុងរយៈពេល ៣៧ថ្ងៃកន្លងមកនេះ រួមទាំងការវាយប្រហាររបស់ពួកគេលើហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងផលិតកម្មរបស់អ៊ីរ៉ង់ មន្ទីរពេទ្យ សាលារៀន តំបន់លំនៅដ្ឋាន ព្រមទាំងមជ្ឈមណ្ឌលនុយក្លេអ៊ែរ និងសម្ភារៈបរិក្ខារនានា។

លោក​បាន​ជំរុញ​ឱ្យ​ភាគី​មាន​ឥទ្ធិពល​ទាំងអស់​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​អនុម័ត​វិធីសាស្ត្រ​ប្រកបដោយ​ការទទួលខុសត្រូវ​ដែល​ផ្អែកលើ​ច្បាប់​អន្តរជាតិ​។

លោកក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រជាជនអ៊ីរ៉ង់ និងកងកម្លាំងប្រដាប់អាវុធដើម្បីការពារយ៉ាងខ្លាំងក្លានូវផលប្រយោជន៍ និងសន្តិសុខជាតិរបស់អ៊ីរ៉ង់ ដោយព្រមានអំពីផលវិបាកនៃ ការឈ្លានពាន របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ និងពិភពលោកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top