សហរដ្ឋអាមេរិក កំពុងចរចាស៊ីជម្រៅ ជាមួយអ៊ីរ៉ង់ ប៉ុន្ដែប្រតិបត្តិការនៅតែបន្ដ
យេរូសាឡឹម៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Channel 12 ឧ្យដឹងថា សហរដ្ឋអាមេរិក កំពុងចូលរួមក្នុងការចរចា «ស៊ីជម្រៅ» ជាមួយអ៊ីរ៉ង់ ដើម្បីធានាបាននូវបទឈប់បាញ់ ខណៈពេលដែលលោកបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនចាកចេញនៅពាល់កណ្តាលទីនៃជម្លោះនោះទេ។
លោក ត្រាំ បានលេីកឡេីងថា រដ្ឋបាលរបស់លោកកំពុងរក្សាទំនាក់ទំនងជាមួយអ៊ីរ៉ង់ តាមរយៈបណ្តាញច្រើន ដឹកនាំដោយទីប្រឹក្សារបស់លោក គឺលោក Steve Witkoff និង Jared Kushner។
យោងតាមប្រភពព័ត៌មានដែលបានជម្រាបជូនអំពីកិច្ចពិភាក្សា ការទំនាក់ទំនងកំពុងត្រូវបានធ្វើឡើងតាមរយៈផ្លូវពីរ៖ ទំនាក់ទំនងដោយប្រយោលដែលសម្របសម្រួលដោយប៉ាគីស្ថាន អេហ្ស៊ីប និងតួកគី និងការផ្លាស់ប្តូរដោយផ្ទាល់រវាងបេសកជនអាមេរិក និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi។
ប្រភពព័ត៌មានបានឧ្យដឹងថា ប្រទេសសម្របសម្រួលកំពុងស្វែងរកការជួយភាគីទាំងពីរឱ្យឯកភាពគ្នាលើវិធានការ ដែលអាចអនុញ្ញាតឱ្យមានការពន្យារពេលកំណត់ដែលដាក់ដោយសហរដ្ឋអាមេរិក ដោយបន្ថែមថា ការហៅទូរស័ព្ទថ្មីៗរវាងភាគីទាំងពីរមិនបានផ្តល់វឌ្ឍនភាពគួរឱ្យកត់សម្គាល់នោះទេ។
លោក ត្រាំ បានប្រាប់ Channel 12 ឧ្យដឹងថា មានឱកាសល្អ ដែលកិច្ចព្រមព្រៀងមួយអាចសម្រេចបានមុន “កាលកំណត់” ប៉ុន្តែបានព្រមានថា ការខកខានមិនបានធ្វើដូច្នេះនឹងជំរុញឱ្យសហរដ្ឋអាមេរិក ចាត់វិធានការ ខ្លាំងក្លាបន្ថែមទៀតនៅក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា
