លោក Trump អះអាងថា អាមេរិកបានផ្គត់ផ្គង់អាវុធ ជាច្រើនរួចទៅហើយ ដល់បាតុករជនជាតិអ៊ីរ៉ង់
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតី Donald Trump បានប្រាប់កាសែត Fox News ថាសហរដ្ឋអាមេរិក បានបញ្ជូនសព្វាវុធ យ៉ាងច្រើនទៅឱ្យក្រុមបាតុករអ៊ីរ៉ង់ ក្នុងអំឡុងពេលចលាចលក្នុងខែមករា។
បាតុកម្មដែលដំបូងឡើយ ត្រូវបានជំរុញដោយវិបត្តិផ្នែកសេដ្ឋកិច្ច និងត្រូវបានបង្រួបបង្រួមដោយអំពើហិង្សា ត្រូវបានញុះញង់ដោយបើកចំហ នៅពេលនោះដោយលោក Trump ដែលបានគំរាមកំហែងអាជ្ញាធរអ៊ីរ៉ង់ ជាមួយនឹងការសងសឹក ចំពោះការបង្ក្រាបភាពចលាចលនេះ។
ទីក្រុងតេហរ៉ង់បានពណ៌នាបាតុកម្មថា ជាការបង្កហេតុដោយបរទេស ហើយបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាបានជំរុញចលនានេះ ដោយបន្ទោសអ្នកបង្កហេតុប្រដាប់អាវុធចំពោះការប៉ះទង្គិចគ្នាយ៉ាងសាហាវ។
នៅក្នុងបទសម្ភាសតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ លោក Trump បានប្រាប់អ្នកយកព័ត៌មាន Trey Yingst ថា ទីក្រុងវ៉ាស៊ីនតោនបានអនុវត្តកិច្ចខិតខំប្រឹងប្រែងសម្ងាត់ ដើម្បីបំពាក់អាវុធដល់បាតុករ ។ លោកបានអះអាងថា ផែនការនេះមានឥទ្ធិពលតិចតួចដោយសារអន្តរការីឃឺដ បានចោទប្រកាន់ថា បានរក្សាអាវុធជាជាងការប្រគល់ឲ្យពួកគេ។
ប្រភពដដែលបានសរសេរថាសហរដ្ឋអាមេរិក មានប្រវត្តិជាយូរមកហើយ ក្នុងការផ្គត់ផ្គង់អាវុធ ដល់ក្រុមដែលស្របតាមគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន ។ នៅទសវត្សរ៍ឆ្នាំ១៩៨០ទីភ្នាក់ងារ CIA ក៏ធ្លាប់បានគាំទ្រ ក្រុមបះបោរជីហាដ នៅអាហ្វហ្គានីស្ថានប្រយុទ្ធ នឹងកងកម្លាំងសូវៀត៕
ប្រែសម្រួល៖ស៊ុនលី
