អ៊ីរ៉ង់ជំរុញឱ្យក្រុមយុវជន បង្កើតជាខ្សែសង្វាក់មនុស្ស ការពាររោងចក្រថាមពល ខណៈដែលថ្ងៃផុតកំណត់ចុងក្រោយ ដែលកំណត់ដោយលោក ដូណាល់ ត្រាំ ខិតជិតមកដល់
បរទេស៖ អារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារ បានបិទផ្លូវតែមួយគត់ ដែលភ្ជាប់ប្រទេសនេះទៅកាន់ប្រទេសបារ៉ែន បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីល ទៅលើខេត្តភាគខាងកើត ដែលសម្បូរប្រេងរបស់ខ្លួន ។ ការវាយប្រហារចុងក្រោយ របស់ទីក្រុងតេហេរ៉ង់បានកើតឡើង ខណៈដែលមន្ត្រីអ៊ីរ៉ង់ បានជំរុញឱ្យក្រុមយុវជន បង្កើតជាខ្សែសង្វាក់មនុស្ស ជុំវិញរោងចក្រថាមពល ដើម្បីការពារពួកគេ ខណៈដែលថ្ងៃផុតកំណត់ចុងក្រោយ ដែលកំណត់ ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់អ៊ីរ៉ង់ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ កាន់តែខិតជិតមកដល់។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ថា លោក ត្រាំ បានគំរាមបំផ្ទុះរោងចក្រថាមពល និងស្ពានទាំងអស់របស់អ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់ មិនបំពេញថ្ងៃផុតកំណត់ម៉ោង ៨ យប់ នៅថ្ងៃអង្គារ ដើម្បីអនុញ្ញាតឱ្យចរាចរណ៍ ដឹកជញ្ជូនបន្តឡើងវិញ យ៉ាងពេញលេញ តាមរយៈផ្លូវទឹកយុទ្ធសាស្ត្រ ដែលតាមរយៈនោះ ការដឹកជញ្ជូនប្រេងមួយភាគប្រាំ របស់ពិភពលោកឆ្លងកាត់ក្នុងពេលសន្តិភាព។
លោក ត្រាំ បាននិយាយថា “ប្រទេសអ៊ីរ៉ង់ទាំងមូលអាចត្រូវ បានដកចេញក្នុងរយៈពេលមួយយប់”។
សូមជម្រាបថា អ៊ីរ៉ង់បានបិទការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានវាយប្រហារនៅថ្ងៃទី ២៨ ខែកុម្ភៈ ដោយចាប់ផ្តើមសង្គ្រាម។ នៅថ្ងៃចន្ទ ទីក្រុងតេហេរ៉ង់បានបដិសេធសំណើឈប់បាញ់រយៈពេល ៤៥ ថ្ងៃ ហើយបាននិយាយថា ខ្លួនចង់បញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ៕
