ព័ត៌មានអន្តរជាតិ

សាស្ត្រាចារ្យឈានមុខគេ របស់អាមេរិកថា មានតែឥណ្ឌា ចិន និងរុស្ស៊ីទេ ដែលអាចបញ្ឈប់សង្គ្រាមលើអ៊ីរ៉ង់បាន

បរទេស៖ ឥណ្ឌា រុស្ស៊ី និងចិន គឺជាមហាអំណាចតែមួយគត់ ដែលអាចរួមបញ្ចូលគ្នាដើម្បីបញ្ឈប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់បាន, នេះបើយោង តាមសាស្ត្រាចារ្យឈានមុខគេរបស់អាមេរិក លោក Jeffrey Sachs។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា លោកសាស្រ្តាចារ្យ Jeffrey Sachs បានប្រាប់លោក Afshin Rattansi នៅក្នុងកម្មវិធី New Order ដែលចាក់ផ្សាយនៅលើ RT ថា ជម្លោះនៅមជ្ឈិមបូព៌ាត្រូវតែបញ្ឈប់ដោយ «មនុស្សធំ»។

លោក Sachs នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅសាកលវិទ្យាល័យ Columbia បាននិយាយថា «មានមនុស្សធំតែបីនាក់ប៉ុណ្ណោះ នៅក្នុងពិភពលោកនេះឥឡូវនេះ ដើម្បីបញ្ឈប់រឿងនេះ ហើយពួកគេគួរតែបញ្ឈប់រឿងនេះជាមួយគ្នា»។

លោកបានបន្ថែមថា «នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី, ប្រធានាធិបតី ស៊ី ជីនពីង និងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ ពួកគេគឺជាមេដឹកនាំនៃមហាអំណាចទាំងបីផ្សេងទៀតនៃពិភពលោក»។

លោកបាននិយាយថា មេដឹកនាំនៃប្រទេសទាំងនេះមានភាគហ៊ុន នៅក្នុងពិភពលោកដែលមិនដួលរលំ។ លោក Sachs ក៏បាននិយាយផងដែរថា ផ្នែកមួយនៃភាពជាអ្នកដឹកនាំនយោបាយរបស់អ៊ីស្រាអែល គឺស្ថិតនៅក្នុងផ្នត់គំនិត «សតវត្សទី 6 មុនគ.ស»។

លោកបានថ្លែងនៅពេលសួរអំពីការប៉ុនប៉ង របស់ប៉ាគីស្ថានក្នុងការសម្របសម្រួលសន្តិភាពថា «ទស្សនៈរបស់ខ្ញុំគឺថា មានតែប្រទេស BRICS ប៉ុណ្ណោះដែលអាចធ្វើបែបនេះបាន»។
ប្រែសម្រួលៈ ណៃ តុលា

To Top