ប្រធានាធិបតីកូរ៉េខាងត្បូង សុំទោសកូរ៉េខាងជើង ចំពោះការឈ្លានពាន របស់យន្តហោះគ្មានមនុស្សបើក
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានសុំទោសកូរ៉េខាងជើង ចំពោះការលុកលុយយន្តហោះ គ្មានមនុស្សបើកចូលទៅ ក្នុងប្រទេសជិតខាងរបស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីសប្តាហ៍មុន រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់មនុស្សបីនាក់ រួមមាន បុគ្គលិកម្នាក់នៃសេវាស៊ើបការណ៍សម្ងាត់ជាតិ មន្ត្រីយោធា កូរ៉េខាងត្បូងម្នាក់ និង និស្សិតបញ្ចប់ការសិក្សាម្នាក់ – ចំពោះការបញ្ជូនយន្តហោះ គ្មានមនុស្សបើកចូលទៅក្នុងប្រទេសកូរ៉េខាងជើង នៅចន្លោះពីខែកញ្ញា ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦។ ពីមុនទីក្រុងសេអ៊ូលបានបដិសេធ ការចូលរួមជាផ្លូវការណា មួយនៅក្នុងការលុកលុយនេះ ដោយអះអាងថា វាជាការងាររបស់ជនស៊ីវិល ។
ដោយនិយាយអំពីឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើកក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ លោក Lee បានសង្កត់ធ្ងន់ថា “ទោះបីជានេះ មិនមែនជាទង្វើរបស់រដ្ឋាភិបាលយើងក៏ដោយ ក៏ខ្ញុំសូមសម្តែងការសោកស្តាយ ចំពោះភាគីកូរ៉េខាងជើង ចំពោះភាពតានតឹងយោធា ដែលមិនចាំបាច់ដែលបណ្តាល មកពីអាកប្បកិរិយាមិន ប្រុងប្រយ័ត្នបែបនេះ”។
លោកបាននិយាយថា “បុគ្គលម្នាក់ៗ បានធ្វើសកម្មភាពញុះញង់បែបនេះ… ដោយខ្លួនឯង” ដោយហៅអាកប្បកិរិយា របស់ពួកគេថា “មិនអាចទទួលយកបាន” និង “មិនទទួលខុសត្រូវ”។
សូមជម្រាបថា កាលពីដើមខែមករា កូរ៉េខាងជើងបានប្រកាសពីការបាញ់ ទម្លាក់យន្តហោះគ្មានមនុស្ស បើកមួយគ្រឿងដែលផ្ទុក “ឧបករណ៍ឃ្លាំមើល” លើទឹកដីរបស់ខ្លួន និងបានបោះពុម្ពផ្សាយរូបថត នៃកំទេចកំទីយន្តហោះ។ ក្រោយមក ទីក្រុងព្យុងយ៉ាងបានព្រមាន ទីក្រុងសេអ៊ូលអំពី «ការឆ្លើយតបដ៏គួរឱ្យភ័យខ្លាច» ប្រសិនបើខ្លួនរកឃើញ យន្តហោះគ្មានមនុស្សបើកបន្ថែមទៀត រំលោភលើដែនអាកាសរបស់ខ្លួន៕
