ព័ត៌មានអន្តរជាតិ

​ សង្គ្រាមអាចបញ្ចប់ដែរទេ​ នៅពេលអាមេរិកបន្ដផ្អាក ការវាយប្រហារអ៊ីរ៉ង់​ ២សប្ដាហ៍

វ៉ាស៊ីនតោន៖​ វានៅតែស្ថិតក្នុងចម្ងល់នៅឡេីយ​ ថាតេីសង្គ្រាមនៅមជ្ឈឹមបូព៌ា​ នឹងឈានទៅរកការបញ្ចប់ឬយ៉ាងណា​ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់​ រយៈពេលពីរសប្តាហ៍។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថា ការសម្រេចចិត្តរបស់លោកគឺ អាស្រ័យលើការយល់ព្រមរបស់អ៊ីរ៉ង់ចំពោះការបើកច្រកសមុទ្រហ័រមូសទាំងស្រុង ភ្លាមៗ និងមានសុវត្ថិភាព។

លោក ត្រាំ បានលេីកឡេីងថា «ហេតុផលសម្រាប់ការធ្វើដូច្នេះគឺថា យើងបានសម្រេច និងលើសពីគោលបំណងយោធាទាំងអស់រួចហើយ ហើយនៅឆ្ងាយណាស់ជាមួយនឹងកិច្ចព្រមព្រៀងច្បាស់លាស់ទាក់ទងនឹងសន្តិភាពរយៈពេលវែងជាមួយអ៊ីរ៉ង់ និងសន្តិភាពនៅមជ្ឈិមបូព៌ា»។

លោកបានបន្ដថា «យើងបានទទួលសំណើ ១០ ចំណុចពីអ៊ីរ៉ង់ ហើយជឿជាក់ថាវាជាមូលដ្ឋានដែលអាចដំណើរការបានសម្រាប់ចរចា»។​ លោក ត្រាំ បានពិពណ៌នាអំពីការផ្អាករយៈពេលពីរសប្តាហ៍ថាជាបទឈប់បាញ់ទ្វេភាគី។

សំណើបទឈប់បាញ់នេះត្រូវបានផ្តល់ដោយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ ដោយមានគោលបំណងផ្តល់ពេលវេលាសម្រាប់ការចរចាសន្តិភាពជាមួយអ៊ីរ៉ង់។

នៅថ្ងៃអង្គារ លោក សារីហ្វ បានអំពាវនាវដល់លោក ត្រាំ នៅក្នុងសារមួយនៅលើបណ្ដាញសង្គម​ X ឲ្យពន្យារពេលកំណត់ដែលលោក ត្រាំ កំណត់សម្រាប់អ៊ីរ៉ង់​ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយរយៈពេលពីរសប្តាហ៍ ហើយក៏បានស្នើសុំឲ្យអ៊ីរ៉ង់ បើកច្រកសមុទ្រហ័រមូស​ សម្រាប់រយៈពេលពីរសប្តាហ៍ដែលត្រូវគ្នាជាកាយវិការសុច្ឆន្ទៈ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top