មុនពេលលោក ដូណាល់ ត្រាំ ប្រកាសផ្អាកវាយប្រហារ ២សប្ដាហ៍ អ៊ីរ៉ង់ ព្រមានថា នឹងវាយប្រហារហួសពីតំបន់សង្គ្រាម ប្រសិនបេីអាមេរិក ឆ្លងកាត់បន្ទាត់ក្រហម
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានថា ប្រសិនបើកងទ័ពសហរដ្ឋអាមេរិក ឆ្លងកាត់បន្ទាត់ក្រហម ក្នុងការវាយប្រហារ គោលដៅស៊ីវិល ការឆ្លើយតបរបស់អ៊ីរ៉ង់ នឹងហួសពីតំបន់ ដែលនេះធ្វេីឡេីងមុនពេលលោក ដូណាល់ ត្រាំ ប្រកាសផ្អាកវាយប្រហារអ៊ីរ៉ង់រយៈពេល ២សប្ដាហ៍ ។
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើសារព័ត៌មានផ្លូវការរបស់ខ្លួនគឺ Sepah News ថា «យើងនឹងមិនស្ទាក់ស្ទើរក្នុងការសងសឹក ចំពោះការឈ្លានពានដ៏អាក្រក់ប្រឆាំង នឹងកន្លែងស៊ីវិលនោះទេ»។
អ៊ីរ៉ង់បានបញ្ជាក់ហេីយថា បទឈប់បាញ់បណ្ដោះអាសន្ន ជាមួយអាមេរិករយៈពេល ២សប្ដាហ៍ មិនមានន័យថាបញ្ចប់សង្គ្រាមនោះទេ ដោយរង់ចាំការចរចាលើព័ត៌មាន លម្អិតនៃផែនការ ១០ ចំណុចរបស់ខ្លួន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់ រយៈពេលពីរសប្តាហ៍ ប៉ុន្ដែវានៅតែស្ថិតក្នុងចម្ងល់នៅឡេីយ ថាតេីសង្គ្រាមនៅមជ្ឈឹមបូព៌ា នឹងឈានទៅរកការបញ្ចប់ឬយ៉ាងណា។
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថា ការសម្រេចចិត្តរបស់លោកគឺ អាស្រ័យលើការយល់ព្រមរបស់អ៊ីរ៉ង់ចំពោះការបើកច្រកសមុទ្រហ័រមូសទាំងស្រុង ភ្លាមៗ និងមានសុវត្ថិភាព។
លោក ត្រាំ បានលេីកឡេីងថា «ហេតុផល សម្រាប់ការធ្វើដូច្នេះគឺថា យើងបានសម្រេច និងលើសពីគោលបំណងយោធា ទាំងអស់រួចហើយ ហើយនៅឆ្ងាយណាស់ជាមួយនឹង កិច្ចព្រមព្រៀងច្បាស់លាស់ទាក់ទងនឹង សន្តិភាពរយៈពេលវែងជាមួយអ៊ីរ៉ង់ និងសន្តិភាពនៅមជ្ឈិមបូព៌ា»។
លោកបានបន្ដថា «យើងបាន ទទួលសំណើ ១០ ចំណុចពីអ៊ីរ៉ង់ ហើយជឿជាក់ថាវាជាមូលដ្ឋាន ដែលអាចដំណើរការបានសម្រាប់ចរចា»។ លោក ត្រាំ បានពិពណ៌នាអំពីការផ្អាករយៈពេល ពីរសប្តាហ៍ថាជាបទឈប់បាញ់ទ្វេភាគី។
សំណើបទឈប់បាញ់នេះត្រូវបានផ្តល់ ដោយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ ដោយមានគោលបំណងផ្តល់ពេលវេលា សម្រាប់ការចរចាសន្តិភាពជាមួយអ៊ីរ៉ង់។
នៅថ្ងៃអង្គារ លោក សារីហ្វ បានអំពាវនាវដល់លោក ត្រាំ នៅក្នុងសារមួយនៅលើបណ្ដាញសង្គម X ឲ្យពន្យារពេលកំណត់ដែលលោក ត្រាំ កំណត់សម្រាប់អ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយរយៈពេលពីរសប្តាហ៍ ហើយក៏បានស្នើសុំឲ្យអ៊ីរ៉ង់ បើកច្រកសមុទ្រហ័រមូស សម្រាប់រយៈពេលពីរសប្តាហ៍ដែលត្រូវគ្នាជាកាយវិការសុច្ឆន្ទៈ៕
