ព័ត៌មានអន្តរជាតិ

សេតវិមានអះអាងថា កំពុងធ្វើការងារផ្លាស់ប្តូរ ផែនការមួយចំនួន មុនជំនួបចរចាជាមួយអ៊ីរ៉ង់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការលើផែនការ សន្តិភាពថ្មីមួយ មុនពេលកិច្ចចរចាបិទទ្វារ ដែលចាប់ផ្តើមក្នុងពេលឆាប់ៗ នេះនៅក្នុងទីក្រុង Islamabad ។

លោកស្រី Leavitt បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មាននៅសេតវិមានថា ៖ បន្ទាត់ក្រហមរបស់ប្រធានាធិបតី ពោលគឺការបញ្ចប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅក្នុងប្រទេសអ៊ីរ៉ង់ មិនបានផ្លាស់ប្តូរទេ។

លោកស្រី Leavitt បានអះអាងថា ឆន្ទៈរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើកិច្ចពិភាក្សា គឺទាក់ទងនឹងការ បើកឡើងវិញ នូវផ្លូវទឹកថាមពលពិភពលោកដ៏សំខាន់ ដោយគ្មានដែនកំណត់ ឬការពន្យារពេល។

ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ នៅមុននេះបន្តិចដែរថា ប្រទេសអ៊ីរ៉ង់បានផ្អាកចរាចរណ៍ នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីការវាយប្រហារ របស់អ៊ីស្រាអែលលើប្រទេសលីបង់។

ដោយឡែកបើយោងតាមលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកត្រូវតែជ្រើសរើសរវាងការរក្សាបទឈប់បាញ់ ឬបន្តនូវអ្វីដែលលោក បានពិពណ៌នាថាជា សង្រ្គាមនៅតែបន្តតាមរយៈ អ៊ីស្រាអែល នៅឡើយ ដោយសំដៅទៅលើការបន្តវាយ ប្រហាររបស់អ៊ីស្រាអែល លើប្រទេសលីបង់៕

ប្រែសម្រួល៖ស៊ុនលី

To Top