ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលវាយប្រហារ ចូលប្រទេសលីបង់ កាលពីខែមុន បានសម្លាប់មនុស្សជាង ២៥០នាក់ និងរបួសជាង ១.១០០នាក់ទៀត

បរទេស ៖ អ៊ីស្រាអែល បានធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាបំផុត របស់ខ្លួនទៅលើប្រទេសលីបង់ចាប់តាំង ពីជម្លោះជាមួយក្រុមហេសបូឡា បានផ្ទុះឡើងកាលពីខែមុន ដោយបានសម្លាប់មនុស្សជាង ២៥០ នាក់ ខណៈដែលក្រុមដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់បានបន្តការវាយប្រហារដោយរ៉ុក្កែតទៅលើភាគខាងជើងនៃប្រទេសអ៊ីស្រាអែល បន្ទាប់ពីការផ្អាកមួយរយៈខ្លីក្រោមបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ថា ការវាយប្រហារទាំងនេះបានបង្កើនសំណួរអំពីកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់ក្នុងតំបន់ ដោយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយថា បទឈប់បាញ់នៅក្នុងប្រទេសលីបង់គឺជាលក្ខខណ្ឌសំខាន់មួយនៃកិច្ចព្រមព្រៀងរបស់ប្រទេសលោកជាមួយសហរដ្ឋអាមេរិក។

កាលពីរសៀលថ្ងៃពុធ យ៉ាងហោចណាស់ការវាយប្រហារចំនួនប្រាំលើកជាប់ៗគ្នាបានធ្វើឱ្យរដ្ឋធានីបេរូត ប្រទេសលីបង់ រង្គោះរង្គើ ដោយមានផ្សែងហុយឡើងលើមេឃ ខណៈដែលយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារដ៏ធំបំផុតនៃសង្គ្រាម។

មជ្ឈមណ្ឌលបញ្ជាការ និងទីតាំងយោធាហេសបូឡាជាង ១០០ កន្លែងត្រូវបានកំណត់គោលដៅនៅក្នុងទីក្រុងបេរូត ជ្រលងភ្នំបេកា និងភាគខាងត្បូង ប្រទេសលីបង់ក្នុងរយៈពេលដប់នាទី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន។

សេវាការពារជនស៊ីវិលរបស់ប្រទេសលីបង់បាននិយាយថា មនុស្សសរុបចំនួន ២៥៤ នាក់ត្រូវបានសម្លាប់ និងជាង ១.១០០ នាក់រងរបួសនៅទូទាំងប្រទេសលីបង់។ ចំនួនអ្នកស្លាប់ខ្ពស់បំផុតគឺនៅទីក្រុងបេរូត ជាកន្លែងដែលមនុស្ស ៩១ នាក់ត្រូវបានសម្លាប់។ ក្រសួងសុខាភិបាលបានផ្តល់ចំនួនអ្នកស្លាប់ចំនួន ១៨២ នាក់នៅទូទាំងប្រទេស ហើយបាននិយាយថា វាមិនមែនជាតួលេខចុងក្រោយនោះទេ។

ក្រុមហេសបូឡាបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបាញ់រ៉ុក្កែតទៅលើគីប៊ុតតូចមួយនៃទីក្រុងម៉ាណារ៉ា ដោយលើកឡើងពីអ្វីដែលខ្លួនពិពណ៌នាថា ជាការរំលោភលើបទឈប់បាញ់របស់អ៊ីស្រាអែល៕
ប្រែសម្រួលៈ ណៃ តុលា

To Top