ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន​ បន្ដរៀបចំសម្រាប់កិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចំពេលមានរឹតបន្ដឹងសន្តិសុខ

អ៊ីស្លាម៉ាបាដ៖​ ប៉ាគីស្ថាន​ បានបង្កើនការរៀបចំសន្តិសុខ និងភស្តុភារ ខណៈដែលគណៈប្រតិភូមកពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ ត្រូវបានគេរំពឹងថា​ នឹងមកដល់ទីក្រុងអ៊ីស្លាម៉ាបាដ សម្រាប់កិច្ចចរចា​ ដែលមានហានិភ័យខ្ពស់ ដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា បន្ទាប់ពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍​ ដែលបានប្រកាសថ្មីៗនេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mohsin Naqvi បានឧ្យដឹងថា ផែនការដ៏ទូលំទូលាយមួយត្រូវបានរៀបចំឡើង ដើម្បីធានាសន្តិសុខដ៏រឹងមាំ​ សម្រាប់គណៈប្រតិភូបរទេសទាំងអស់ដែលមកទស្សនា។

ការចរចានេះត្រូវបានគេរំពឹងថា​ នឹងនាំមន្ត្រីជាន់ខ្ពស់ មកពីប្រទេសទាំងពីរមកជួបជុំគ្នា ជាផ្នែកមួយនៃកិច្ចខិត ខំប្រឹងប្រែងផ្នែកការទូត ដើម្បីឈានដល់ដំណោះស្រាយរយៈពេលវែង បន្ទាប់ពីជម្លោះកើនឡើងជាច្រើនសប្តាហ៍។

យោងតាមទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf នឹងដឹកនាំគណៈប្រតិភូទីក្រុងតេអេរ៉ង់ សម្រាប់កិច្ចពិភាក្សាជាមួយអនុប្រធានាធិបតី សហរដ្ឋអាមេរិក លោក JD Vance នៅទីក្រុងអ៊ីស្លាម៉ាបាដ។

សេតវិមានបានបញ្ជាក់ថា ក្រុមសហរដ្ឋអាមេរិក​ នឹងរួមបញ្ចូលអ្នកតំណាងជាន់ខ្ពស់លោក Steve Witkoff និងលក Jared Kushner ដោយការចរចាជុំទីមួយត្រូវបានគេរំពឹងថា​ នឹងធ្វើឡើងនៅថ្ងៃសៅរ៍៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top