អ៊ីរ៉ង់ ព្រមានសហរដ្ឋអាមេរិក កុំឱ្យលោក ណេតាន់យ៉ាហ៊ូ ឆ្លៀតឱកាសសម្លាប់ការទូត
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានព្រមានសហរដ្ឋអាមេរិក កុំឱ្យអនុញ្ញាត ឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ «សម្លាប់ការទូត» ខណៈដែលបទឈប់បាញ់ ដ៏ផុយស្រួយមួយបានកើតឡើង បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល ៤០ថ្ងៃ។
នៅក្នុងការបង្ហោះមួយ នៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Araghchi បានឧ្យដឹងថា «ការកាត់ក្តីព្រហ្មទណ្ឌ របស់លោក ណេតាន់យ៉ាហ៊ូ នឹងបន្តនៅថ្ងៃអាទិត្យ។ បទឈប់បាញ់ទូទាំងតំបន់ រួមបញ្ចូលទាំងនៅក្នុងប្រទេសលីបង់ នឹងធ្វើឱ្យការជាប់ពន្ធនាគារ របស់លោកកាន់តែលឿន»។
លោកបានបន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិក អនុញ្ញាតឱ្យលោក ណេតាន់យ៉ាហ៊ូ “សម្លាប់ការទូត នោះនឹងជាជម្រើសរបស់ខ្លួន ។ យើងគិតថាវានឹងល្ងង់ខ្លៅ ប៉ុន្តែយើងបានត្រៀមខ្លួនសម្រាប់វា”។
ទន្ទឹមនឹងនេះ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានសរសេរនៅលើបណ្ដាញសង្គម X ផងដែរថា «ពេលវេលាជិតអស់ហើយ» ដោយសង្កត់ធ្ងន់ថា ប្រទេសលីបង់ គឺជាផ្នែកមិនអាចបំបែកបាននៃបទឈប់បាញ់។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញ ផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះផងដែរ លោក Araghchi បានពិភាក្សាអំពីបទឈប់បាញ់ ជាមួយសមភាគីរុស្ស៊ី បារាំង អេស្ប៉ាញ និងអាល្លឺម៉ង់របស់គាត់ នៅក្នុងការសន្ទនា តាមទូរស័ព្ទដាច់ដោយឡែកពីគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
