ព័ត៌មានអន្តរជាតិ

ការវាយប្រហារលេីកចុងក្រោយ របស់អ៊ីស្រាអែលនៅលីបង់​ អ្នកស្លាប់កេីនឡេីងដល់​ជាង​ ៣០០នាក់​ របួស​ ១១៥០នាក់

ប៉េរូត៖​ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល នៅថ្ងៃពុធទូទាំងប្រទេសលីបង់​ បានកើនឡើងដល់ ៣០៣នាក់ ដោយមានអ្នករងរបួសចំនួន ១១៥០នាក់ នេះបើយោងតាមតួលេខបឋម ដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលលីបង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ របស់ក្រសួងបានឧ្យដឹងថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែដំណើរការនៅទីតាំងជាច្រើន ដោយអាជ្ញាធរកំពុងធ្វើការ ដើម្បីយកសាកសពចេញ ពីក្រោមគំនរបាក់បែក និងកំណត់អត្តសញ្ញាណជនរងគ្រោះ រួមទាំងការធ្វើតេស្ត DNA ផងដែរ។

ក្រសួងបានបន្ថែមថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ របស់អ៊ីស្រាអែលលើប្រទេសលីបង់​ ចាប់តាំងពីថ្ងៃទី២​ ខែមីនាបានកើនឡើងដល់ ១.៨៨៨នាក់ស្លាប់ និង ៦.០៩២នាក់រងរបួស។

ការកើនឡើងចុងក្រោយនេះបានកើតឡើង បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែលជាង ១០០លើកនៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងខូចខាតយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top