នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ពីការបញ្ចេញប្រេង បម្រុងបន្ថែមទៀត នៅខែក្រោយ
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានមានប្រសាសន៍ នៅថ្ងៃសុក្រនេះថា រដ្ឋនឹងបញ្ចេញប្រេងបម្រុង បន្ថែមរយៈពេល ២០ ថ្ងៃទៀតចាប់ពីខែក្រោយទៅ។
យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ថា ប្រទេសជប៉ុនបានចាប់ផ្តើម ទាញយកប្រេងក្នុងស្តុករបស់ខ្លួន ដែលជាចំនួនច្រើនបំផុត របស់ពិភពលោក នៅក្នុងខែមីនា ខណៈដែលរដ្ឋាភិបាលកំពុង សម្លឹងមើលការទប់ស្កាត់ការកើនឡើង នៃតម្លៃដែលបណ្តាលមក ពីផលប៉ះពាល់ដល់ការផ្គត់ផ្គង់ ពីសង្គ្រាមមជ្ឈិមបូព៌ា។
លោកស្រីនយករដ្ឋមន្រ្តីបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងដើម្បីឆ្លើយតបទៅនឹងជម្លោះនៅមជ្ឈិមបូព៌ាថា “ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រេងឆៅដែលមានស្ថេរភាព យើងនឹងបញ្ចេញប្រេងបម្រុងជាតិចាប់ពីដើមខែឧសភាតទៅ ដែលស្មើនឹងប្រេងបម្រុងជាតិប្រហែល ២០ ថ្ងៃ”។
វានឹងជាការបញ្ចេញលើកទីពីរ ពីប្រេងបម្រុងរបស់រដ្ឋ ខណៈដែលវាក៏បានទាញ យកប្រេងបម្រុងរបស់វិស័យឯក ជនរយៈពេល ១៥ ថ្ងៃផងដែរ។
សូមជម្រាបថា ប្រទេសជប៉ុនពឹងផ្អែកលើមជ្ឈិមបូព៌ា សម្រាប់ប្រហែល ៩៥% នៃការនាំចូលប្រេងរបស់ខ្លួន។
ប្រែសម្រួល: ណៃ តុលា
