លោក ស៊ី ជីនពីង ជួបពិភាក្សាជាមួយប្រធាន គណបក្សប្រឆាំងធំបំផុត របស់កោះតៃវ៉ាន់ នៅទីក្រុងប៉េកាំង ដែលជាកិច្ចជំនួបលើកដំបូង ក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ
បរទេស៖ មេដឹកនាំចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយប្រធាន គណបក្សប្រឆាំងធំបំផុត របស់កោះតៃវ៉ាន់ នៅទីក្រុងប៉េកាំង នៅថ្ងៃសុក្រនេះ ដែលជាកិច្ចជំនួបលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ ដោយលោក ស៊ី បានសង្កត់ធ្ងន់លើ «ទំនុកចិត្តពេញលេញ» របស់លោកចំពោះភាគីទាំងពីរដែលរួបរួមគ្នា។
យោងតាមសារព័ត៌មាន The Japan Times ចេញ ផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ថា ក្នុងជំនួបនៅសាលធំ ប្រជាជនទីក្រុងប៉េកាំង លោក ស៊ី បានប្រាប់លោកស្រី Cheng Li-wun ប្រធានគណបក្សគួមីនតាង (KMT) ថា ប្រទេសចិនមានឆន្ទៈជំរុញការសន្ទនា និងការផ្លាស់ប្តូរជាមួយគណបក្សនយោបាយផ្សេងៗ រួមទាំងគណបក្សគួមីនតាង (KMT) ដែលផ្អែកលើមូលដ្ឋាន នយោបាយរួមនៃការប្រឆាំងនឹងឯករាជ្យភាពរបស់កោះតៃវ៉ាន់ «ដូច្នេះអនាគតនៃទំនាក់ទំនង ឆ្លងច្រកសមុទ្រនៅតែស្ថិតក្នុងដៃរបស់ប្រជាជនចិនយ៉ាងរឹងមាំ»។
លោក ស៊ី បានបន្ថែមថា «និន្នាការនៃជនរួមជាតិនៅសងខាង នៃច្រកសមុទ្រកាន់តែជិតស្និទ្ធ និងរួបរួមគ្នានឹងមិនផ្លាស់ប្តូរទេ។ នេះគឺជារឿងជៀសមិនរួចជាប្រវត្តិសាស្ត្រ»។ «យើងមានទំនុកចិត្តពេញលេញលើរឿងនេះ»។
មេដឹកនាំចិនរូបនេះបាននិយាយថា «ពិភពលោកសព្វថ្ងៃនេះនៅឆ្ងាយពីសន្តិភាព ដែលធ្វើឱ្យសន្តិភាពកាន់តែមានតម្លៃ»។
ប្រែសម្រួល: ណៃ តុលា
