ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីលីបង់អំពាវនាវ​ ឲ្យមានការរួបរួមជាជាតិខ្លាំងឡើង ចំពេលដែលសង្គ្រាម កំពុងបន្តបែបនេះ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សយានៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសលីបង់កំពុងខិតខំប្រឹងប្រែងដើម្បីបញ្ឈប់សង្គ្រាមដែលកំពុងបន្ត ហើយបានសង្កត់ធ្ងន់លើតម្រូវការដើម្បីការពារឯកភាពជាតិ និងការកសាងរដ្ឋឡើងវិញ។

លោកSalam បាន​ធ្វើ​ការ​លើក​ឡើង​នេះ​ខណៈ​ដែល​ការ​រំលឹក​ខួប​នៃ​ការ​ផ្ទុះ​ឡើង​នៃ​សង្រ្គាម​ស៊ីវិល​លីបង់​នៅ​ថ្ងៃ​ទី១៣ខែ​មេសា ឆ្នាំ១៩៧៥។លោក​បាន​បន្ត​ថា គោល​បំណង​គឺ​មិន​ត្រឹម​តែ​ទប់ស្កាត់​ការ​វិល​ត្រឡប់​ទៅ​រក​សង្គ្រាម​ស៊ីវិល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​កសាង​រដ្ឋ​មួយ​ដែល​ត្រឹមត្រូវ រឹងមាំ និង​ឯកភាព​សម្រាប់​មនុស្ស​ទាំង​អស់​គ្នាផងដែរ។

លោកបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអនុវត្តកិច្ចព្រមព្រៀង Taif យ៉ាងពេញលេញ ដោយអំពាវនាវឱ្យកែតម្រូវរាល់ការ អនុវត្តខុស ដែលបំពានលើលិខិត និងស្មារតីរបស់ខ្លួន។

កិច្ចព្រមព្រៀង Taif ដែលបានចរចានៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ១៩៨៩ និងបានអនុម័តនៅពេលក្រោយក្នុងឆ្នាំនោះ បានបញ្ចប់សង្រ្គាមស៊ីវិលរយៈពេល១៥ឆ្នាំនៅក្នុងប្រទេសលីបង់ ហើយបានអះអាងឡើងវិញនូវសិទ្ធិអំណាច របស់រដ្ឋាភិបាលលីបង់នៅភាគខាងត្បូង។

គួរឲ្យដឹងដែរថាក្រុមហេសបូឡាហ៍បានចូលក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល-អ៊ីរ៉ង់ កាលពីថ្ងៃទី២ខែមីនា ដោយបានបាញ់រ៉ុក្កែតពីភាគខាងត្បូងលីបង់ឆ្ពោះទៅរកអ៊ីស្រាអែលជាលើកដំបូងចាប់តាំងពីបទឈប់បាញ់នៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ដែលជំរុញឱ្យអ៊ីស្រាអែលធ្វើយុទ្ធនាការយោធាកាន់តែខ្លាំងឡើងផ្តោតលើតំបន់ជាច្រើននៅទូទាំងប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top