ព័ត៌មានអន្តរជាតិ

លោក Trump ប្រកាសរារាំងច្រកចេញច្រកសមុទ្រ Hormuz ក្រោយកិច្ចព្រមព្រៀង មិនបានសម្រេចជាមួយនឹងអ៊ីរ៉ង់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹកអាមេរិកនឹងចាប់ផ្តើមរារាំង នាវាដែលព្យាយាមចូល ឬចាកចេញពីច្រកសមុទ្រ Hormuz បន្ទាប់ពីកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ បរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងរវាងគ្នា។

លោក Trump បាននិយាយនៅក្នុងសារបង្ហោះនៅលើ Truth Social ថា៖មានប្រសិទ្ធភាពភ្លាមៗ កងនាវាចរសហរដ្ឋអាមេរិក ដែលជាកងនាវាចរល្អបំផុតនៅលើពិភពលោកនឹងចាប់ផ្តើមដំណើរការរារាំងនាវាណាមួយ និងទាំងអស់ដែលព្យាយាមចូល ឬចាកចេញ ច្រកសមុទ្រ Hormuz ។

លោក Trump បានបន្តទៀតថា៖ខ្ញុំក៏បានណែនាំកងទ័ពជើងទឹករបស់យើងឱ្យស្វែងរក និងរារាំងរាល់នាវានៅក្នុងដែនទឹកអន្តរជាតិ ដែលបានបង់ថ្លៃសេវាឱ្យប្រទេសអ៊ីរ៉ង់ដោយបន្ថែមថា គ្មាននរណាម្នាក់ដែលបង់ថ្លៃសេវាខុសច្បាប់នឹងមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៅលើសមុទ្រខ្ពស់នោះទេ។

លោក​បាន​បន្ថែម​ថា​៖​យើង​ក៏​នឹង​ចាប់ផ្តើម​កម្ទេច​មីន​ដែល​ជនជាតិ​អ៊ីរ៉ង់​ដាក់​នៅ​ច្រក​សមុទ្រ​ដែរ​។
នៅកិច្ចចរចាសន្តិភាព លោក Trump បាននិយាយថា កិច្ចប្រជុំនេះ ដំណើរការទៅបានល្អ ដោយចំណុចភាគច្រើនបានយល់ព្រម ប៉ុន្តែ ចំណុចតែមួយគត់ដែលពិតជាសំខាន់ គឺនុយក្លេអ៊ែរ។

ការ​ថ្លែង​របស់​លោក Trump បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​កិច្ច​ចរចា​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់​នៅ​ក្នុង​ទីក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន បាន​បញ្ចប់​ដោយ​គ្មាន​កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃ​អាទិត្យ៕

ប្រែសម្រួល៖ស៊ុនលី

To Top