ព័ត៌មានអន្តរជាតិ

​ កងកម្លាំងអាមេរិក​ ចាប់ផ្តើមអនុវត្តការបិទផ្លូវចរាចរណ៍ ផ្លូវសមុទ្រទាំងអស់​ ដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់

វ៉ាស៊ីនតោន៖​ កងកម្លាំងសហរដ្ឋអាមេរិក​ នឹងចាប់ផ្តើមអនុវត្តការបិទផ្លូវ “ចរាចរណ៍ផ្លូវសមុទ្រទាំងអស់ដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់” នៅថ្ងៃចន្ទនេះ។

យោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កងកម្លាំងសហរដ្ឋអាមេរិក​ នឹងចាប់ផ្តើមអនុវត្តការបិទផ្លូវ “ដោយមិនលំអៀង” ប្រឆាំងនឹងនាវា នៃប្រទេសទាំងអស់​ ដែលចូល ឬចេញពីកំពង់ផែ និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់ រួមទាំងកំពង់ផែអ៊ីរ៉ង់ទាំងអស់ នៅលើឈូងសមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់។

កងកម្លាំងបញ្ជាការកណ្តាលសហរដ្ឋអាមេរិក “នឹងមិនរារាំងសេរីភាពនៃការធ្វើនាវាចរណ៍ សម្រាប់នាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ទៅ និងមកពីកំពង់ផែដែលមិនមែនជារបស់អ៊ីរ៉ង់នោះទេ”។

សេចក្តីថ្លែងការណ៍នេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានប្រកាសនៅលើ Truth Social ថាកងទ័ពជើងទឹកសហរដ្ឋអាមេរិក​ នឹងចាប់ផ្តើមរារាំងនាវាដែលព្យាយាមចូល ឬចាកចេញពីច្រកសមុទ្រហ័រមូស។

នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក ត្រាំ​ បានឧ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តនឹងដាក់ពង្រាយនាវារុករកមីនទៅកាន់ច្រកសមុទ្រ​ ដើម្បីសម្អាតមីនសមុទ្រ និងធានាផ្លូវដឹកជញ្ជូន។

បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក ត្រាំ ស្តីពីការបិទផ្លូវកងទ័ពជើងទឹកនៅច្រកសមុទ្រហ័រមូស បញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​ បានព្រមានកាលពីថ្ងៃអាទិត្យថា ចលនាខុស​ ណាមួយនៅក្នុងច្រកសមុទ្រហ័រមូស​ នឹងធ្វើឱ្យសត្រូវរបស់ខ្លួនជាប់អន្ទាក់នៅក្នុងចរន្តខ្យល់ដ៏សាហាវមួយ៕
ប្រែសម្រួល​ ឈូ​ក​ បូរ៉ា

To Top