នាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងទៅទស្សនកិច្ចប្រទេស ប្រ៊ុយណេ និងម៉ាឡេស៊ី ដើម្បីធានាការផ្គត់ផ្គង់ ប្រេងឥន្ធនៈមកដល់អូស្រ្តាលី
បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសថា លោកនឹងទៅទស្សនកិច្ចប្រទេសជិតខាងក្នុងតំបន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដែលរងការគំរាមកំហែងដោយសង្គ្រាមអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ថា លោក Albanese បានទៅទស្សនកិច្ចប្រទេសសិង្ហបុរីកាលពីសប្តាហ៍មុន ហើយបាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងទៅទស្សនកិច្ចប្រទេសប្រ៊ុយណេ និងម៉ាឡេស៊ីនៅសប្តាហ៍នេះ ដើម្បី “ធានាថា ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសអូស្ត្រាលីនៅតែមានសុវត្ថិភាពក្នុងអំឡុងពេលមានភាពមិនប្រាកដប្រជា”។
ប្រទេសអាស៊ីអាគ្នេយ៍ទាំងបីនេះ គឺជាអ្នកផ្គត់ផ្គង់ប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងយន្តហោះដ៏សំខាន់របស់ប្រទេសអូស្ត្រាលី។ ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ក៏ទិញឧស្ម័នធម្មជាតិរាវរបស់ប្រទេសអូស្ត្រាលីផងដែរ។
លោក Albanese នឹងជួបជាមួយស្តេចស៊ុលតង់ Hassanal Bolkiah របស់ប្រទេសប្រ៊ុយណេ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងដំណើរទស្សនកិច្ចចន្លោះថ្ងៃអង្គារ និងថ្ងៃសុក្រ៕
ប្រែសម្រួលៈ ណៃ តុលា
