ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ដោះលែងអ្នកទោសច្រើនជាង ៤.៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

បរទេស៖ អ្នកទោសច្រើនជាង ៤.៥០០នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានលើកលែងទោស ហើយអ្នកទោសផ្សេងទៀតត្រូវបានបន្ធូរបន្ថយទោសក្រោមបទបញ្ជា លើកលែងទោសរបស់ប្រធានាធិបតី មីន អ៊ុង លាំង ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា អត្តសញ្ញាណរបស់អ្នកដែលត្រូវបានដោះលែងមិនទាន់មានភ្លាមៗនោះទេ។ សាច់ញាតិ និងមិត្តភក្តិរបស់អ្នកទោសបានរង់ចាំនៅខាងក្រៅច្រកទ្វារធំ នៅពន្ធនាគារអ៊ីនសេន នៅជាយក្រុងភាគខាងជើងនៃទីក្រុងយ៉ាំងហ្គោន ចាប់តាំងពីព្រឹកមក។

មិនមានសញ្ញាណាមួយដែលបង្ហាញថាអតីតមេដឹកនាំ គឺលោកស្រី អ៊ុង សាន ស៊ូជី នឹងត្រូវបានដោះលែង ឬថាតើការលើកលែងទោសនឹងរួមបញ្ចូលអ្នកទោសនយោបាយ រាប់ពាន់នាក់ដែលត្រូវបានឃុំខ្លួន ដោយសារប្រឆាំងនឹងការគ្រប់គ្រងរបស់យោធាដែរឬទេ។

ការលើកលែងទោសនេះ បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីលោក មីន អ៊ុង លាំង បានស្បថចូលកាន់តំណែងបន្ទាប់ពីការបោះឆ្នោតមួយដែលអ្នករិះគន់និយាយថាមិនសេរី ឬយុត្តិធម៌ ហើយត្រូវបានរៀបចំឡើងដើម្បីរក្សាការក្តាប់អំណាចរបស់យោធា៕

ប្រែសម្រួលៈ ណៃ តុលា

To Top