“សេដ្ឋកិច្ចចិនលើសពីការរំពឹងទុក មានកំណើនខ្លាំងក្លា…” ប្រព័ន្ធសារព័ត៌មានអន្តរជាតិដូចជា កាសែត«The Straits Times» ប្រទេសសិង្ហបុរី កាសែត«El País» ប្រទេសអេស្ប៉ាញនិងកាសែត«The New York Times» សហរដ្ឋអាមេរិកជាដើមបាននាំគ្នាចុះផ្សាយដំណឹងអំពីសមិទ្ធផលសេដ្ឋកិច្ចរបស់ចិនក្នុងត្រីមាសទីមួយដូចការលើកឡើងខាងលើ ។ តាមទិន្នន័យដែលរដ្ឋបាលជាតិស្ថិតិចិនបានប្រកាសកាលពីថ្ងៃទី១៦ ខែមេសា បង្ហាញឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនក្នុងត្រីមាសទីមួយមានចំនួន៣៣,៤១៩៣ ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ គឺកើនឡើង ៥,០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលបង្កើនល្បឿន ០,៥ ភាគរយបើប្រៀបធៀបនឹងត្រីមាសទីបួននៃឆ្នាំមុន ។

នៅក្នុងត្រីមាសទីមួយនៃ “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” សេដ្ឋកិច្ចចិនទទួលបានល្បឿនកំណើន ៥,០ ភាគរយ ហើយសូចនាករជាច្រើនដូចជាការវិនិយោគ ការប្រើប្រាស់ ពាណិជ្ជកម្មជាមួយបរទេសនិងប្រាក់ចំណេញនៃសហគ្រាសជាដើម សុទ្ធតែមានភាពល្អប្រសើរ ។
តម្លៃបន្ថែមនៃវិស័យកសិកម្មក្នុងត្រីមាសទីមួយបានកើនឡើង ៣,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយការភ្ជួររាស់ដាំដុះនារដូវផ្ការីកបានដំណើរការយ៉ាងរលូន ។ នៅក្នុងវិស័យឧស្សាហកម្ម តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំក្នុងត្រីមាសទីមួយបានបង្កើនល្បឿន ១,១ ភាគរយបើប្រៀបធៀបនឹងត្រីមាសទីបួននៃឆ្នាំមុន ។ រីកឯវិស័យសេវាកម្មក៏បានរក្សាកំណើនយ៉ាងលឿនផងដែរ ដោយតម្លៃបន្ថែមនៃវិស័យសេវាកម្មបានកើនឡើង ៥,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។
ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់ក្នុងសង្គមនៅត្រីមាសទីមួយបានកើនឡើង ២,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលបង្កើនល្បឿន ០,៧ ភាគរយបើប្រៀបធៀបនឹងត្រីមាសទីបួននៃឆ្នាំមុន ។ ការវិនិយោគលើទ្រព្យសកម្មថេរបានប្រែក្លាយពីភាពអវិជ្ជមានទៅជាវិជ្ជមាន ដោយបានកើនឡើង ១,៧ ភាគរយក្នុងត្រីមាសទីមួយ ។ ទំហំនាំចេញនាំចូលទំនិញសរុបបានកើនឡើង ១៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយល្បឿនកំណើនប្រចាំត្រីមាសគឺខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ។

ក្នុងត្រីមាសទីមួយ តម្លៃបន្ថែមនៃឧស្សាហកម្មផលិតគ្រឿងបរិក្ខារធុនមធ្យមនិងធំបានកើនឡើង ៨,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយតម្លៃបន្ថែមនេះត្រូវជា ៣៥,១ ភាគរយនៃឧស្សាហកម្មធុនមធ្យមនិងតូចទាំងអស់ ដោយបានរក្សាសមាមាត្រលើសពី ៣០ ភាគរយក្នុងរយៈពេល ៣៧ ខែជាប់ៗគ្នា ។
ប្រព័ន្ធសារព័ត៌មានអន្តរជាតិបាននាំគ្នាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ចនៅត្រីមាសទីមួយនៃ “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន ។
កាសែត«Financial Times» របស់អង់គ្លេសបានចុះផ្សាយដំណឹងកាលពីថ្ងៃទី១៦ ខែមេសាថា ល្បឿនកំណើន GDP របស់ចិនក្នុងត្រីមាសទីមួយបានឈានដល់កម្រិតខ្ពស់នៃគោលដៅកំណើនពេញមួយឆ្នាំពី៤,៥ ភាគរយដល់៥,០ ភាគរយ ។ កាសែត«The Straits Times» របស់សិង្ហបុរីបានចុះផ្សាយដំណឹងកាលពីថ្ងៃទី១៦ ខែមេសាថា ការផលិតផលិតផលដូចជាវត្ថុពាក់កណ្ដាលចម្លង មនុស្សយន្តឧស្សាហកម្ម ថ្មពិលលីចូមនិងម៉ាស៊ីនបោះពុម្ព 3D ជាដើម បានបង្ហាញនូវភាពល្អប្រសើរ ដោយសម្រេចបាននូវកំណើនពីរខ្ទង់ក្នុងត្រីមាសទីមួយ ដែលមានល្បឿនកំណើនពី ២៤ ភាគរយដល់៥៤ ភាគរយ ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg នៃសហរដ្ឋអាមេរិកបានផ្សាយដំណឺងឱ្យដឹងថា ក្រោមការជំរុញពីឧស្សាហកម្មកម្មន្តសាលនិងការនាំចេញដ៏រឹងមាំ GDPរបស់ចិនក្នុងត្រីមាសទីមួយបានកើនឡើង ៥,០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ នៅខែមីនាឆ្នាំនេះ តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង ៥,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលលើសពីការរំពឹងទុកនៃទីផ្សារ ។ តាមការផ្សាយដំណឹងនៃកាសែត «South China Morning Post» ឱ្យដឹងថា លោក Xu Tianchen សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារគំនិតសេដ្ឋវិទូរបស់អង់គ្លេស (Economist Intelligence Unit) បានយល់ឃើញថា ”ចិនគ្មានបញ្ហាអ្វីទេក្នុងការសម្រេចបាននូវគោលដៅកំណើនពី៤,៥ ភាគរយដល់៥ ភាគរយនៅឆ្នាំនេះ ” ។
ក្នុងបរិបទ ដែលការប៉ះទង្គិចភូមិសាស្ត្រនយោបាយបានផ្ទុះឡើង និងពិភពលោកមានភាពរង្គោះរង្គើខ្លាំង សេដ្ឋកិច្ចចិននៅតែបន្តរក្សាសន្ទុះកំណើនដ៏រឹងមាំ ។ ដូចប្រសាសន៍របស់លោក Mao Shengyong អនុប្រធាននៃរដ្ឋបាលជាតិ ស្ថិតិចិនដែលបានលើកឡើងថា ប្រសិទ្ធភាពនៃការធ្វើពិពិធកម្មពាណិជ្ជកម្មបរទេសរបស់ចិនកំពុងលេចចេញជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិលើមូលដ្ឋាននៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះគឺមានកម្លាំងរស់រវើកខ្លាំងបង្គួរ ហើយសេដ្ឋកិច្ចចិនមានមូលដ្ឋាននឹងនរ ឧត្តមភាពជាច្រើន ភាពធន់ដ៏ខ្លាំងក្លា និងមានសក្តានុពលយ៉ាងខ្លាំង ដែលមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងហានិភ័យនិងបញ្ហាប្រឈមពីខាងក្រៅ ។ ចិនមានឧត្តមភាពខាងប្រព័ន្ធរបបដ៏ខ្លាំងក្លា មានឧត្តមភាពខាងឧស្សាហកម្ម ទីផ្សារនិងធនធានមនុស្សដែលសន្សែសន្សំបានក្នុងរយៈពេលយូរ ដូច្នេះ ចិនមានលក្ខខណ្ឌទាំងស្រុងក្នុងការសម្រេចបាននូវដំណើរការប្រកបដោយស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចពេញមួយឆ្នាំ ៕
