ប្រទេសគុយបា ផ្ញើលិខិតសំងាត់មួយ ទៅកាន់លោក Donald Trump
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលគុយបា បានព្យាយាមបើកបណ្តាញទំនាក់ទំនង ដោយផ្ទាល់ជាមួយប្រធានាធិបតី អាមេរិក Donald Trump កាលពីសប្តាហ៍មុន ដោយបានទាក់ទាញ អ្នកជំនួញឯកជនម្នាក់ ឱ្យប្រគល់លិខិតសំងាត់មួយច្បាប់ ទៅសេតវិមាន។ កាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពទាំងនេះ ។
សារដែលបានរាយការណ៍ ដែលត្រូវបានគេមើលឃើញនៅទីបំផុត គឺបានបង្ហាញថាគុយបាចង់រំលងរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ដែលតែងតែមានបំណងអនុវត្ត គោលនយោបាយផ្លាស់ប្តូររបបនៅលើកោះនេះ។
របាយការណ៍ បាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបានរៀបចំឡើង ដោយលោក Raul Rodriguez Castro ចៅប្រុស និងជាជំនួយការ របស់អតីតប្រធានាធិបតីគុយបា អាយុ៩៤ឆ្នាំ Raul Castro ដែលត្រូវបានចាត់ទុកថាជាឥស្សរជនដ៏មានឥទ្ធិពលបំផុតរបស់កោះមួយនេះ។ វាបានបន្ថែមថា សំបុត្រនោះជាត្រាផ្លូវការរបស់រដ្ឋាភិបាលគុយបា ហើយត្រូវបានធ្វើទ្រង់ទ្រាយជាកំណត់ត្រាការទូតផងដែរ។
លិខិតនោះបានស្នើកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងការវិនិយោគ រួមជាមួយនឹងការបន្ធូរបន្ថយទណ្ឌកម្ម ហើយបានព្រមានថា ទីក្រុង Havana កំពុងត្រៀមលក្ខណៈ សម្រាប់ការលុកលុយរបស់យោធាអាមេរិក ដែលអាចធ្វើទៅបាន នេះបើតាមមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះ បានប្រាប់កាសែតដដែល។
គួរឲ្យដឹងដែរថាអ្នកនាំលិខិតសំងាត់នោះ មានឈ្មោះថា Roberto Carlos Chamizo Gonzalez អាយុ ៣៧ឆ្នាំ ជាអ្នកជំនួញលើវិស័យ ទេសចរណ៍លំដាប់ខ្ពស់ និងជាសហគ្រិន ជួលរថយន្តលំដាប់ខ្ពស់ដែលមានមូលដ្ឋាននៅទីក្រុង Havana ត្រូវបានបញ្ឈប់ដោយមន្ត្រីសន្តិសុខ នៅអាកាសយានដ្ឋានអន្តរជាតិ Miami ដែលបានរឹបអូសសំបុត្រនោះ ហើយបញ្ជូនគាត់ត្រឡប់ទៅប្រទេសគុយបាវិញ៕
ប្រែសម្រួល៖ស៊ុនលី
