ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា បង់ប្រាក់សម្រាប់ប្រេងអ៊ីរ៉ង់ ជាប្រាក់យន់របស់ចិន
បរទេស៖ សារព័ត៌មាន រ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាកំពុងធ្វើការទូទាត់សម្រាប់ប្រេងអ៊ីរ៉ង់ ជាប្រាក់យន់ របស់ចិន បន្ទាប់ពីការលើកលែងទណ្ឌកម្មបណ្ដោះអាសន្ន ដោយសហរដ្ឋអាមេរិក ក្នុងការអនុញ្ញាតឱ្យទីក្រុងញូវដេលី ទិញប្រេងឆៅពីប្រទេសនៅមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា សហរដ្ឋអាមេរិកបានចេញការលើកលែងរយៈពេលមួយខែកាលពីថ្ងៃទី ២០ ខែមីនា ដែលទីក្រុងវ៉ាស៊ីនតោន និយាយថានឹងមិនត្រូវបានពង្រីកថែមនោះទេ។
ការទូទាត់សម្រាប់ទំនិញអ៊ីរ៉ង់ គឺជាបញ្ហាស្មុគស្មាញមួយដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើទីក្រុងតេហេរ៉ង់ ដែលធ្វើឱ្យអ្នកទិញប្រេងឆៅ មួយចំនួនពីប្រទេសនេះមានការរារាំង។
ក្រុមហ៊ុនប្រេងឥណ្ឌាបានទិញប្រេងអ៊ីរ៉ង់ចំនួន ២ លានបារ៉ែល ក្នុងខែមេសា ដែលជាការទិញប្រេងឆៅអ៊ីរ៉ង់ លើកដំបូងរបស់ប្រទេសនេះ ក្នុងរយៈពេលប្រាំពីរឆ្នាំ ដែលត្រូវបានគេរាយការណ៍ថា មានតម្លៃ ២០០ លានដុល្លារ។
ទីក្រុងញូវដេលីក៏បានអនុញ្ញាត ឱ្យនាវាចំនួនបួនគ្រឿង ដែលដឹកប្រេងអ៊ីរ៉ង់ ចូលចតសម្រាប់ក្រុមហ៊ុនចម្រាញ់ប្រេងឯកជនធំ ជាងគេរបស់ខ្លួនគឺ Reliance Industries ។
ការជួញដូរទាំងពីរកំពុងត្រូវបានទូទាត់ តាមរយៈធនាគារ ICICI ដែលជាធនាគារឯកជនមួយ ដែលកំពុងបញ្ជូនមូលនិធិ ជាប្រាក់យន់ចិន តាមរយៈសាខាសៀងហៃរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន។
ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា ពីមុនក៏បានប្រើប្រាស់ប្រាក់យន់ ដើម្បីទូទាត់ការទិញប្រេងរបស់រុស្ស៊ីមួយចំនួនផងដែរ៕
