លោក Trump និយាយថា មិនមានលទ្ធភាពខ្ពស់ ក្នុងការបន្តបទឈប់បាញ់ ជាមួយនឹងអ៊ីរ៉ង់ទេ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃចន្ទម្សិលមិញថា វាទំនងជាមិនមានលទ្ធភាពខ្ពស់ ដែលលោកនឹងបន្តបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ជាមួយប្រទេសអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀង មិនត្រូវបានសម្រេចមុនពេលវាបញ្ចប់ក្នុងសប្តាហ៍នេះ ។
លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទដោយបានបញ្ជាក់បែបនេះថា៖ ច្រកសមុទ្រ Hormuz នឹងនៅតែត្រូវបានរារាំងរហូតដល់កិច្ចព្រមព្រៀង សន្តិភាពត្រូវបានបញ្ចប់។
លោកបាននិយាយថា ៖ ពួកគេចង់ឱ្យខ្ញុំបើកវា។ ប្រជាជនអ៊ីរ៉ង់ចង់ឱ្យវាបើក។ ខ្ញុំមិនបើកវាទេ រហូតដល់កិច្ចព្រមព្រៀង មួយត្រូវបានចុះហត្ថលេខា ។
គួរឲ្យដឹងដែរថាតម្លៃប្រេងបានហក់ឡើងខណៈក្រុងវ៉ាស៊ីនតោន បានរក្សាការរារាំងរបស់ខ្លួន ហើយកងទ័ពជើងទឹកអាមេរិកបានចាប់កប៉ាល់ដែលមានទង់ជាតិអ៊ីរ៉ង់ កាលពីចុងសប្តាហ៍បន្ថែមទៀតផង៕
ប្រែសម្រួល៖ស៊ុនលី
