ព័ត៌មានអន្តរជាតិ

ទំនើបកម្មបែបចិន ជាគំរូសម្រាប់ជំរុញការរួមរស់ ប្រកបដោយសុខដុមរមនា របស់មនុស្សជាតិ​ ​និងធម្មជាតិ​

ការរីកចម្រើន នៃឧស្សាហកម្ម បានធ្វើឱ្យមានផលប៉ះពាល់លើធម្មជាតិ និង បរិស្ថាន សម្រាប់ការរស់រានមានជីវិត ដែលត្រូវបានបំផ្លាញ ស្ទើរតែគ្រប់ទីកន្លែង នៅលើសាកលលោក ។ យុទ្ធសាស្រ្តកែលម្អតាមបែបចិនបានផ្តល់នូវចម្លើយយ៉ាងសំខាន់ ដែលបង្ហាញថា មនុស្សនិងធម្មជាតិគឺជាដៃគូដ៏រឹងមាំមួយ ប្រកបដោយសន្តិសហវិជ្ជមាន ។ គំនិត “ទំនើបកម្មបែបចិន” មិនមែនគ្រាន់តែជាពាក្យស្លោកនយោបាយនោះទេ ។ វាជាចក្ខុវិស័យដ៏ទូលំទូលាយ ដែលដឹកនាំប្រជាជនជាង១,៤ ពាន់លាននាក់ ឆ្ពោះទៅរកសុខុមាលភាព ភាពថ្កុំថ្កើង និងភាពសុខដុមរមនាសង្គម ដោយចាកឆ្ងាយពីការបំផ្លាញ ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ។ ចំណុចសំខាន់ នៃទស្សនវិជ្ជានេះ គឺស្ថិតនៅគំនិត “សហគមន៍ជីវិតរវាងមនុស្សជាតិ និងធម្មជាតិ” ដែលគំនិតសម្រាប់លើក កម្ពស់តុល្យភាពអេកូឡូស៊ី ជាពិសេសទស្សនៈ «ទឹកថ្លា ភ្នំបៃតង»។ ប្រយោគដ៏ល្បីល្បាញនេះ ដែលត្រូវបានលោកប្រធានាធិបតីចិន ស៊ី ជីនពីង ថ្លែងលើកដំបូងនៅក្នុងខេត្តចេជាំង ដែលរំលេចចេញ ពីទស្សនវិជ្ជាសម្រាប់ជាគំរូ នៃទំនើបកម្មបែបបៃតងរបស់ចិន ។ ទស្សនវិជ្ចានេះបដិសេធ នូវការលើកឡើងថា ការរីកចម្រើនសេដ្ឋកិច្ច នឹងធ្វើឱ្យមានការបំផ្លិចបំផ្លាញបរិស្ថាន ដោយបញ្ជាក់ថា ធម្មជាតិ មិនមែនជាឧបសគ្គដល់ ភាពរីកចម្រើនទេ ប៉ុន្តែជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទៅវិញ។

គំនិតនេះ មិនមែនត្រឹមតែជាទស្សនវិជ្ជាទេ វាជាគោលនយោបាយសម្រាប់ប្រតិបត្តិរបស់ប្រទេសចិន ដែលជាគោលគំនិតនៃ ភាពស៊ីវិល័យនៃអេកូឡូស៊ី ដែលជាគំរូ នៃវិស័យឧស្សាហកម្ម តាមរយៈការប្រើប្រាស់ធនធានធម្មជាតិជាវត្ថុធាតុដើម ហើយចាត់ទុកធម្មជាតិជាដៃគូរស់រវើក សម្រាប់វិបុលភាព មនុស្សជាតិ សម្រាប់រយៈពេលវែង ។ ជាក់ស្តែងប្រទេសចិនបានប្រែក្លាយ ៧៧% ជាថាមពលកកើតឡើងវិញ ហើយជាង៤,៥ពាន់លាន ដើមត្រូវបានដាំឡើងវិញក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំមក​​ និង បានប្រែក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ខាងផលិតបន្ទះសូឡា ថាមពលខ្យល់ និង យានអគ្គិសនី ព្រមទាំងប្រែក្លាយជាប្រទេស ដែលប្រើប្រាស់ថាមពលចម្រុះក្រៅពីឥន្ធនៈហ្វូស៊ីលរហូតដល់ ២៥% ក្នុងឆ្នាំ២០៣០។

លើសពីនេះទៀត ចិនក៏បានច្នៃបង្កើតឧបករណ៍ថ្មីៗដូចជា ទីផ្សារជួញដូរកាបូនក្នុងឆ្នាំ២០២១ ដែលជាផែនការទ្រង់ទ្រាយធំបំផុតលើពិភពលោក ដែលជាយន្តមួយ សម្រាប់សងត្រឡប់ទៅធម្មជាតិវិញ ដែលជាមូលដ្ឋានសំខាន់សម្រាប់ហិរញ្ញវត្ថុបៃតង ក្នុងការគាំទ្រដល់ប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់ទាប ។ យុទ្ធសាស្ត្រ‍ចិនបញ្ជាក់ថាការការពារបរិស្ថាន និងអភិវឌ្ឍសេដ្ឋកិច្ច មិនមែនជាការប្រឆាំងគ្នាទេ ប៉ុន្តែជាគោលបំណង ដែលពឹងពាក់គ្នាទៅវិញទៅមក។

ចំណែកឯកម្ពុជាវិញ ដែលកំពុងស្ថិតនៅលើមូលដ្ឋាន នៃការលូតលាស់ផ្នែកសេដ្ឋកិច្ច និង ប្រាក់ចំណូល កំពុងយកចិត្តទុកដាក់លើការ ថែរក្សាបរិស្ថាននិងប្រព័ន្ធអេកូលូស៊ី។ គំរូនៃការអភិវឌ្ឍតាមបែបចិន ជាទស្សនវិស័យគំរូផង និង ឧទាហរណ៍ជាក់ស្តែងផងសម្រាប់កម្ពុជា។ កម្ពុជាក៏អាចសម្លឹងមើលបទពិសោធន៍នៃការអភិវឌ្ឍជនបទរបស់ចិន ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន ធនធានធម្មជាតិ ត្រូវតែជាកាតព្វកិច្ច​សម្រាប់ការការពារជារចនាសម្ព័ន្ធច្បាស់លាស់។ ជាមួយគ្នានេះដែរ ក្រោមរូបភាពនៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ កម្ពុជាក៏អាចចាប់យកឱកាសនេះ ក្នុងការអភិវឌ្ឍថាមពលរបស់ខ្លួនដោយប្រើប្រាស់ថាមពលកកើតឡើងវិញ និង ថាមពលវារីអគ្គិសនី ការអភិវឌ្ឍកសិកម្មវៃឆ្លាតទំនើប ការគ្រប់គ្រងធនធាន ព្រៃឈើ ទឹកទន្លេ ព្រមទាំងទេសចរណ៍បៃតង ។ ចិននិងកម្ពុជា នឹងក្លាយជាដៃគូសម្រាប់គម្រោងខ្សែក្រវាត់និងផ្លូវបៃតង ក្នុងការផ្តល់អាទិភាពដល់ប្រភព ថាមពលដែលមិនបំផ្លាញដល់សុខមាលភាព និងការរស់នៅរបស់ប្រជាជន ការអភិវឌ្ឍ និង កសិកម្មប្រកបដោយចីរភាព ​អេកូទេសចរណ៍ និង ថាមពលកកើតឡើងវិញ ។ ទាំងនេះមិនមែនជាគំរូសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសខាងត្បូងទៀតផង។

ដូច្នេះ ដំណើរដ៏វែងឆ្ងាយសម្រាប់សុខដុមរមនា ឆ្ពោះទៅរកសន្តិសហវិជ្ជមានរវាងមនុស្សជាតិ និង ធម្មជាតិ មិនមែនជាដំណើររបស់ប្រទេសមួយនោះទេ តែវាជាតម្រូវការរបស់ប្រទេសទាំងអស់ លើសាកលលោក ដែលក្នុងនោះ ប្រទេសចិនជាគំរូ ក្នុងការបង្កើតទស្សនវិជ្ជាដឹកនាំនិងការពារបរិស្ថាន ធនធានធម្មជាតិ ឈានទៅរកការពារជីវិត រស់នៅរបស់មនុស្សជាតិ ឱ្យប្រកបដោយវិបុលភាព និងសុភមង្គល។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​ ​​នៃ​​រាជបណ្ឌិត្យ​​សភា​កម្ពុជា

To Top