ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងព្យាយាមពង្រីក បទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់

បរទេស៖ កិច្ចចរចាផ្ទាល់ជុំទីពីររវាងអ៊ីស្រាអែល និងលីបង់ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍, នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល និងអាមេរិកម្នាក់បានប្រាប់កាសែត The Times of Israel នៅថ្ងៃចន្ទ។

កាសែត The Times of Israel ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា មន្ត្រីរូបនេះបាននិយាយថា កិច្ចប្រជុំនេះនឹងធ្វើឡើង នៅក្រសួងការបរទេសអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន ហើយនឹងរួមបញ្ចូលបុគ្គលិក មកពីភាគីអ៊ីស្រាអែល លីបង់ និងអាមេរិក។ អ៊ីស្រាអែលនឹងត្រូវបានតំណាងដោយបេសកជនរបស់ខ្លួនប្រចាំសហរដ្ឋអាមេរិក និងលីបង់ដោយអតីតឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងវ៉ាស៊ីនតោន គឺលោក Simon Karam។

មន្ត្រីក្រសួងការបរទេសម្នាក់ បានប្រាប់កាសែត The Times of Israel ថា “សហរដ្ឋអាមេរិកស្វាគមន៍ ចំពោះការចូលរួម ប្រកបដោយផលិតភាព ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមេសា” ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងធ្វើជា ម្ចាស់ផ្ទះនៃកិច្ចចរចាជុំទីពីរ នៅថ្ងៃព្រហស្បតិ៍។ “យើងនឹងបន្តសម្របសម្រួល ការពិភាក្សាដោយផ្ទាល់ និងស្មោះត្រង់រវាងរដ្ឋាភិបាលទាំងពីរ”។

កាលពីថ្ងៃអង្គារសប្តាហ៍មុន លោក Leiter និងបេសកជនបច្ចុប្បន្ន របស់លីបង់ប្រចាំសហរដ្ឋអាមេរិក គឺលោកស្រី Nada Hamadeh Moawad បានជួបប្រជុំគ្នា​ប្រហែលពីរម៉ោង ដែលជាការចរចាផ្ទាល់កម្រិតខ្ពស់បំផុត​រហូតមកដល់បច្ចុប្បន្ន រវាងមន្ត្រីអ៊ីស្រាអែល និងលីបង់ ។ កិច្ចចរចានេះត្រូ​វបានសម្របសម្រួល ដោយរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Marco Rubio និងអ្នកការទូត អាមេរិកផ្សេងទៀត។
ប្រែសម្រួលៈ ណៃ តុលា

To Top