លេចធ្លាយសារធាតុគីមី នៅរោងចក្រមួយនៅរដ្ឋ West Virginia សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និង ៣០នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ
បរទេស៖ ការលេចធ្លាយសារធាតុគីមី នៅរោងចក្រអាជីវកម្ម មួយកន្លែងនៅរដ្ឋ West Virginia សហរដ្ឋអាមេរិកនៅថ្ងៃពុធបាន សម្លាប់មនុស្សពីរនាក់ និងមនុស្ស ៣០នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រួមទាំងម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ, នេះបើយោងតាមអាជ្ញាធរ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា លោក C.W. Sigman នាយកគ្រប់គ្រងគ្រាអាសន្ននៃគណៈកម្មការ Kanawha County បាននិយាយថា ការលេចធ្លាយនេះបានកើតឡើង នៅរោងចក្រ Catalyst Refiners ខណៈដែលកម្មករកំពុងរៀបចំបិទ ផ្នែកខ្លះនៃរោងចក្រនេះ។
លោក Sigman បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានមួយថា ប្រតិកម្មឧស្ម័នគីមីមួយបានកើតឡើង នៅរោងចក្រដែលពាក់ព័ន្ធនឹងអាស៊ីតនីទ្រីក និងសារធាតុមួយផ្សេងទៀត។ លោកបានបន្ថែមថា មាន “ប្រតិកម្មតបភ្លាមៗនៃសារធាតុគីមី ហើយវាបានប្រតិកម្មហួសហេតុភ្លាមៗ”។
លោក Sigman បានបន្តថា “ការចាប់ផ្តើម ឬបញ្ចប់ប្រតិកម្មគីមីគឺ ជាពេលវេលាដ៏គ្រោះថ្នាក់បំផុត”។
ចំណែកលោក Ben Salango ប្រធានគណៈកម្មការ ខោនធី Kanawha បាននិយាយថា ប្រតិកម្មគីមីដែលត្រូវបានគេជឿថា បានកើតឡើងក្នុងអំឡុង ពេលដំណើរការសម្អាតបានផលិតអ៊ីដ្រូសែនស៊ុលហ្វីតពុល៕
ប្រែសម្រួលៈ ណៃ តុលា
