អ៊ីស្រាអែល វាយប្រហារសម្លាប់មនុស្ស៥នាក់ នៅភាគខាងត្បូង ប្រទេសលីបង់ រួមទាំងអ្នកកាសែតម្នាក់ផងដែរ
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សប្រាំនាក់ នៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងអ្នកកាសែតម្នាក់ផងដែរ ដែលធ្វើឲ្យបទឈប់បាញ់ ដ៏ផុយស្រួយកាន់តែតានតឹង។
យោងតាមសារព័ត៌មាន Al Jazeera ចេញផ្សាយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា ការវាយប្រហារដំបូង របស់អ៊ីស្រាអែលបានវាយប្រហារ រថយន្តមួយគ្រឿងនៅ at-Tiri ដែលជាភូមិមួយនៅភាគខាងត្បូង ប្រទេសលីបង់ ដោយបានសម្លាប់មនុស្សពីរនាក់, នេះបើយោងតាមការចុះផ្សាយរបស់ NNA កាលពីថ្ងៃពុធ។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហាររថយន្តពីរគ្រឿង នៅភាគខាងត្បូងប្រទេសលីបង់ ដែលបានចាកចេញពីរចនាសម្ព័ន្ធយោធា ដែលប្រើប្រាស់ដោយក្រុម ប្រដាប់អាវុធលីបង់ Hezbollah។
សារព័ត៌មាន NNA បានរាយការណ៍ថា ការវាយប្រហារ តាមអាកាស នៅពេលក្រោយលើអគារមួយនៅក្នុងភូមិដដែល បានធ្វើឱ្យអ្នកកាសែតម្នាក់ រងរបួសជាប់ នៅក្រោមគំនរបាក់បែក។ Amal Khalil ដែលធ្វើការឱ្យសារព័ត៌មានក្នុងស្រុក Al Akhbar ក្រោយមកត្រូវបានគេរកឃើញថាស្លាប់ នៅកន្លែងកើតហេតុ ។
ប្រែសម្រួលៈ ណៃ តុលា
