អ៊ីស្រាអែល កំពុងត្រៀមកងទ័ព សម្រាប់ការប្រយុទ្ធឡើងវិញ ជាមួយអ៊ីរ៉ង់ នៅពេលទទួលបានភ្លេីងខៀវពីអាមេរិក
យេរូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីស្រាអែល លោក Israel Katz បានឧ្យដឹងថា អ៊ីស្រាអែលត្រៀមខ្លួនរួចជាស្រេច សម្រាប់សង្គ្រាមឡើងវិញជាមួយអ៊ីរ៉ង់ នៅពេលដែលខ្លួនទទួលបាន “ភ្លើងខៀវ” ពីសហរដ្ឋអាមេរិក។
ថ្លែងបន្ទាប់ពីការវាយតម្លៃសន្តិសុខនៅទីក្រុង Tel Aviv លោក Katz បានឧ្យដឹងថា កងកម្លាំងការពារជាតិអ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេចទាំងការពារ និងវាយលុក ហើយគោលដៅត្រូវបានកំណត់អត្តសញ្ញាណ។ លោកបានលេីកឡេីងថា អ៊ីស្រាអែល កំពុងរង់ចាំការ យល់ព្រមពីសេតវិមាន ដើម្បីបន្តការប្រយុទ្ធជាមួយ នឹងការវាយប្រហារកាន់តែខ្លាំង។
លោក បានលេីកឡេីងថា “លើកនេះ ការវាយប្រហារ នឹងខុសគ្នា និងសាហាវ ដោយផ្តល់នូវការវាយប្រហារ ដ៏សាហាវនៅក្នុងតំបន់ដែលងាយរងគ្រោះបំផុត”។
លោកបានបន្ដថា គោលដៅគឺ “ដើម្បីអង្រួន និងបំផ្លាញគ្រឹះ” នៃភាពជាអ្នកដឹកនាំរបស់អ៊ីរ៉ង់ ដែលជាគោលបំណង ដែលអ៊ីស្រាអែល និង សហរដ្ឋអាមេរិក ធ្លាប់បានលើកឡើងនៅដើមជម្លោះ ប៉ុន្តែមិនសូវត្រូវបានសង្កត់ធ្ងន់ នៅក្នុងខែថ្មីៗនេះទេ។
លោកបានបន្ថែមថា អ៊ីស្រាអែល កំពុងរង់ចាំការយល់ព្រមពីសហរដ្ឋអាមេរិក ដើម្បី «បញ្ចប់ការលុបបំបាត់» ថ្នាក់ដឹកនាំអ៊ីរ៉ង់ រួមទាំងមេដឹកនាំកំពូល និងអ្នកស្នងតំណែង ដែលមានសក្តានុពល របស់ប្រទេសនេះ។
លោកបានព្រមានថា ការវាយប្រហារដែលបានគ្រោងទុក នឹងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយអះអាងថា ពួកគេនឹងរុញច្រានអ៊ីរ៉ង់ ត្រឡប់ទៅក្នុង យុគសម័យងងឹតវិញ ដោយវាយប្រហាររោងចក្រថាមពល និងអគ្គិសនីកណ្តាល និងធ្វើឱ្យខូចហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច របស់ប្រទេសនេះទាំងស្រុង៕
ប្រែសម្រួល ឈូក បូរ៉ា
