រដ្ឋមន្ត្រីក្រសួង សង្រ្គាម សហរដ្ឋអាមេរិកថា អាមេរិករារាំងផ្លូវរបស់អ៊ីរ៉ង់ កំពុងរីករាលដាល ទូទាំងពិភពលោក
បរទេស៖ រដ្ឋមន្ត្រីក្រសួងសង្រ្គាម សហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយនៅថ្ងៃសុក្រថា ការបិទផ្លូវ របស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់កំពុងរីករាលដាលទូទាំងពិភពលោក ដោយបន្ថែមថា ទីក្រុងតេហេរ៉ង់មានឱកាសធ្វើ «កិច្ចព្រមព្រៀងល្អ» ជាមួយទីក្រុងវ៉ាស៊ីនតោន។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ថា លោក Hegseth បានប្រាប់អ្នកយកព័ត៌មានថា «ការបិទផ្លូវរបស់យើងកំពុងកើនឡើង និងរីករាលដាលទូទាំងពិភពលោក»។
លោកបាននិយាយថា «គ្មាននរណាម្នាក់ធ្វើដំណើរ ពីច្រកសមុទ្រ Hormuz ទៅកាន់កន្លែងណាក៏ដោយ ក្នុងពិភពលោកដោយ គ្មានការអនុញ្ញាតពីកងទ័ពជើងទឹក សហរដ្ឋអាមេរិកនោះទេ»។
ប្រភពព័ត៌មានប៉ាគីស្ថាន ចំនួនបីបានប្រាប់រ៉យទ័រកាលពីថ្ងៃសុក្រថា ការចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក អាចនឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ នៅក្នុងប្រទេសប៉ាគីស្ថាន បន្ទាប់ពីកិច្ចចរចាជុំចុង ក្រោយដែលរំពឹងទុក កាលពីដើមសប្តាហ៍នេះបានធ្លាក់ចុះ។
ដោយឈរក្បែរឧត្តមសេនីយ៍កំពូលអាមេរិក Dan Caine លោក Hegseth បាននិយាយថា សហរដ្ឋអាមេរិក «មិនព្រួយបារម្ភ» ចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទេ ហើយបាននិយាយម្តងទៀតអំពីមតិយោបល់ពីមុនរបស់លោក Trump ពីការមាន «គ្រប់ពេលវេលាគ្រប់គ្រាន់»៕
ប្រែសម្រួលៈ ណៃ តុលា
